ឆ្នាំថ្មី សូដា នីតា ខកគម្រោងការធំ ព្រោះមូលហេតុសំខាន់ ២ យ៉ាងនេះ!
បើតាមគម្រោងតារាសម្តែង និង ចម្រៀង សូដា នីតា មានបំណងចេញទៅសម្តែងនៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំថ្មី ២០២១ នេះ តែយ៉ាងណាគម្រោងនេះក៏ត្រូវផ្អាកទៅវិញស្របពេលនាងពពោះជិតសម្រាល និង កូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់ផង ។
គេចាំបានថាកាលពីឆ្នាំ ២០២០ កន្លងទៅ សូដា នីតា ហាក់រីករាយក្រោយមានឱកាសបានចេញទៅកើបលុយនៅប្រទេសជឿនលឿនមួយនេះ ដែលតាមដឹងតារារូបនេះនឹងត្រូវចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនៅក្នុងខែកុម្ភៈឆ្នាំ ២០២១ ប៉ុន្តែពេលនេះតារាស្រីវ័យ ៤០ ឆ្នាំរូបនេះបានចេញប្រកាសផ្អាកការងារសិល្បៈមួយរយៈតូចដើម្បីទុកពេលវេលាថែរក្សាសុខភាពខ្លួន និង កូនក្នុងផ្ទៃដែលនឹងឃើញពន្លឺព្រះអាទិត្យនៅក្នុងអំឡុងពេលពីរខែខាងមុខទៀត ។ ក្នុងនោះដែរក៏មានការលើកឡើងថា បើទោះមិនមានផ្ទៃពោះគម្រោងក្នុងការចេញទៅសម្តែងរបស់ សូដា នីតា អាចនឹងជាប់គាំង ដោយសារពេលនេះនៅសហរដ្ឋអាមេរិកក៏មិនទាន់ស្ងប់កូវីដ ១៩ នៅឡើយទេ ។
ការពពោះកូនដំបូងរបស់ សូដា នីតា ទាំងមិនទាន់ចូលរោងជ័យបែបនេះ ក៏បានទទួលរងការ រិះគន់មិនស្ទើរទេ តែយ៉ាងណាតារាស្រីរូបនេះហាក់មិនខ្វល់ខ្វាយ ឬ តបតអ្វីឡើយ ពោលគឺពេលនេះនាងកំពុងតែរំភើប ព្រោះជិតបានទទួលសមាជិកថ្មីជាកូនប្រុសដែលសមទៅតាមបំណងរបស់នាង ។
គួរបញ្ជាក់ថា មុននឹងទទួលបានស្នេហាសមបំណងបែបនេះ សូដា នីតា ធ្លាប់ពើបប្រទះស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារមកហើយ ។ បើតាមគម្រោង សូដា នីតា នឹងវិលមកបំរើអារម្មណ៍ទស្សនិកជនវិញក្រោយបុណ្យចូលឆ្នាំខ្មែររួច ៕