កាន់តែមានក្ដីសុខ ឌុច លីដា កាន់តែបង្ហាញជីវិតឯកជនជាមួយស្វាមី
កាលពីមួយរយៈមុន តារាសម្ដែងពោរពេញដោយទេពកោសល្យ ឌុច លីដា បានបាត់មុខពីវិស័យសិល្បៈមួយរយៈធំ ដោយនាងបានសំងំពពោះ និង សម្រាលបានកូនប្រុសមានសាច់ឈាមសថ្លោសទ្រលុកៗ មុខមាត់ស្អាតបាត កែវភ្នែកមុតថ្លា ជាក្មេងប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ ។ ក្រោយសម្រាលកូន តារាស្រីរូបនេះក៏មិនទាន់បានចូលប្រឡូកក្នុងសិល្បៈភ្លាមៗដែរ គឺនាងបានយកពេលវេលាមើលថែកូនប្រុសផ្ទាល់ដៃ ។
ថ្វីដ្បិតថាភ្លាមៗ ឌុច លីដា មិនទាន់ក្លាហានបង្ហាញស្វាមីមុខមាត់ឪពុករបស់កូនប្រុសក្ដី រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ តារាស្រីរូបនេះ បានកាន់ដៃគូស្នេហ៍ចូលរោងការតាមប្រពៃណី ប៉ុន្ដែពិធីមង្គលការរបស់ ឌុច លីដា ហាក់ដូចជាប្រារព្ធឡើងស្ងាត់ៗ ដោយមិនធ្វើធំគគ្រឹកគគ្រេងអញ្ជើញអ្នកសិល្បៈឱ្យចូលរួមច្រើនផុសផុលដូចអ្នកសិល្បៈផ្សេងទៀតឡើយ ហើយលើសពីនេះ រៀបការក្លាយជាប្ដីប្រពន្ធពេញលេញហើយ នាងក៏មិនបញ្ចេញរូបថតគូជាមួយស្វាមីដែរ ។
តែយ៉ាងណា បន្ទាប់ពីរៀបការតាមប្រពៃណី និង រួមរស់ជាមួយគ្នាមួយរយៈ តារាសម្ដែងសម្បូរទេពកោសល្យ ឌុច លីដា កាន់តែបង្ហាញពីជីវិតឯកជន ក៏ដូចជាទម្លាយពីភាពផ្អែមល្ហែម ការយកចិត្តទុកដាក់របស់ស្វាមីចំពោះខ្លួន ។ តួយ៉ាងថ្មីៗនេះ ឌុច លីដា បានបង្ហោះរូបថតកៀកកើយយ៉ាងស្វីតជាមួយស្វាមី បង្ហាញពីក្ដីសុខក្នុងគ្រួសារយ៉ាងពេញទំហឹង តាមរយៈគណនីអ៊ីនស្រ្តាក្រាមផ្លូវការរបស់នាង ៕