មិននឹកស្មាន ចិត្ត កញ្ចនា ត្រូវមិត្តរួមសាលាធ្វើបាប វាយទម្លាក់ស្រះ កាត់សក់កាលពីកុមារភាព
មហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងមកហើយពីកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង Original Song ចិត្ត កញ្ចនា ដែលជាសិល្បការិនីមួយរូបមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ។ ក្នុងនោះមហាជនក៏ធ្លាប់បានដឹងនូវរឿងរ៉ាវឯកជនរបស់តារាស្រីយុវវ័យរូបនេះ ដែលជានារីមួយរូបមកពីតាមបណ្តាខេត្ត ឆ្ងាយពីក្រុមគ្រួសារ និង តស៊ូជម្នះឧបសគ្គជាច្រើនក្នុងជីវិត ជាពិសេសនោះគឺការប្រឹងប្រែងលើវិថីសិល្បៈតែម្តង ។
ទោះជារឿងរ៉ាវមួយចំនួន ចិត្ត កញ្ចនា ធ្លាប់បានបង្ហើបប្រាប់អ្នកគាំទ្រខ្លះរួចមកហើយក្តី តែក៏នៅមានរឿងរ៉ាវនៃពីអតីតកាលនាងជាច្រើនបានកើតឡើងចំពោះនាងកាលពីកុមារភាព និង កំឡុងពេលពេលនៅរៀន ។ ជាក់ស្តែងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ចិត្ត កញ្ចនា បានបង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និង នឹកស្មានមិនដល់ថា តារាចម្រៀង Original Song រូបនេះ បានជួបរឿងជូរចត់ និង លំបាកយ៉ាងខ្លាំងនៅពេលរៀន ដល់ថ្នាក់មិត្តរួមសាលាចាប់វាយ ច្រានចូលស្រះ និង កាត់សក់ទៀតផង ។
ចិត្ត កញ្ចនា បានទម្លាយរឿងរ៉ាវកាលពីកុមារភាពរបស់នាងថា «ខ្ញុំចាំបានថា កាលពេលនៅរៀនបឋមសិក្សា (បឋមសិក្សាគំរូ មង្គលបូរី បន្ទាយមានជ័យ) រៀងរាល់ឆ្នាំខ្ញុំ តែងត្រូវបានគេធ្វើបាប ។ ទៅរៀនត្រូវគេវាយកាត់សក់ បើកាលថ្នាក់ទី ៣ វិញ ត្រូវបានគេរុញធ្លាក់ស្រះទឹកទៀត ។ និយាយត្រង់ ចាំច្បាស់ដោយសារវាដិតដាមពេក ហើយមិនដែលមានឆ្នាំណាទៅរៀនដោយមិនត្រូវគេធ្វើបាបទេ ។ ជីវិតពីកុមារភាពកម្សត់ណាស់ គ្រួសារអត់ខ្លាំង ត្រូវរើផ្លាស់ទីញឹកញាប់ ពួកម៉ាកក៏គ្មាន ធ្លាប់ទាំងដើរទូលនំលក់ ២ នាក់ប្អូនប្រុសទៀតណ៎ ។ និយាយ ២ ថ្ងៃក៏មិនអស់ដែរ! តែខ្ញុំគិតថា អតីតកាលទាំងអស់នោះហើយ ដែរធ្វើឲ្យខ្ញុំរឹងមាំ ឃើញពីតម្លៃនៃជីវិតកាន់តែច្បាស់ ថាយើងពិតជាមិនអាចដេកដួលតាមព្រហ្មលិខិតបានពិតមែន ។ រាល់បទពិសោធនៃជីវិត ដែលខ្ញុំជួប ខ្ញុំមិនដែលខ្មាសអៀននឹងវាទេ ព្រោះវាបានធ្វើឲ្យខ្ញុំ ក្លាយជាខ្ញុំ ។ នឹកឃើញរឿងនេះដោយសារម្សិលមិញចូលទៅថតក្នុងបឋមសិក្សាមួយ» ៕