ផ្អាកថតកុន ២ ឆ្នាំ Margie វិលមកសម្ដែងវិញ ត្រូវប៉ះតួប្រុសវ័យក្មេងរូបនេះ
តារាសម្ដែង Margie កំពុងត្រៀមវិលមកបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ក្ដោបតំណែងជាតួឯកស្រីជាថ្មី បន្ទាប់ពីនាងបានខកខានសម្ដែងរឿងប៉ុន្មានឆ្នាំ ក្រោយរៀបការ និង ពពោះបង្កើតបានកូនភ្លោះប្រុស-ស្រីដ៏គួរឱ្យស្រឡាញ់ ២ នាក់ ។ កាលសម្រាលកូនហើយភ្លាមៗ Margie ក៏មិនប្រញាប់វិលមកប្រឡូកក្នុងវិស័យកុនវិញភ្លាមៗដែរ ដោយនាងទុកពេលវេលាមើលថែកូនភ្លោះទាំងពីរសិន ។
ដោយឡែកខណៈកូនរឹងដៃរឹងជើងហើយ Margie ក៏ត្រឡប់មកបន្តដំណើរលើវិថីសិល្បៈជាថ្មី ហើយបើតាមប្រភព នៅក្នុងឆ្នាំ ២០២១ នេះ នាងនឹងដើរតួឯកស្រីក្នុងរឿង «Mummy Tee Ruk» ដែលតួឯកប្រុសត្រូវបានគេដឹងថា ជាតារាសម្ដែងរូបសង្ហា ថែមទាំងមានវ័យក្មេងជាងនាងទៀតផង គឺប្រុសស្អាត March Chutavuth ។
កន្លងមកតារាស្រី Margie ធ្លាប់ផ្ដល់បទសម្ភាសចំពោះអ្នកកាសែតថា រឿងថ្មីនេះ ចាប់ផ្ដើមថតនៅចុងឆ្នាំ ២០២០ ហើយអាចនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២១ ។ តែយ៉ាងណា ទស្សនិកជនជាច្រើនក៏ត្រេកអរដែលនាងវិលមកសម្ដែងរឿងឡើងវិញ ព្រោះអ្នកគាំទ្រនាងជាច្រើនក៏កំពុងរង់ចាំទស្សនារឿងថ្មីរបស់នាងដែរ ៕