ស្ថាប័ន Miss Grand Cambodia ច្រានចោលព័ត៌មាន វុធ ធីដាវីន ជំនួសតំណែង សេង រដ្ឋា
កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការលេចឮដំណឹងថាកញ្ញា វុធ ធីដាវីន ជ័យលាភី Miss Grand Cambodia ចំណាត់ថ្នាក់លេខ ៤ នឹងចូលខ្លួនជំនួសតំណែងកញ្ញា សេង រដ្ឋា ដើម្បីទៅប្រកួតកម្មវិធី Miss Grand International នាពេលខាងមុខនេះ បន្ទាប់ពីបេក្ខភាពជ័យលាភីកញ្ញា សេង រដ្ឋា បោះបង់តំណែងមិនព្រមចូលរួមប្រកួត ។
ជុំវិញបញ្ហានេះ ធ្វើឱ្យមហាជនអ្នកគាំទ្រកញ្ញាឯកកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានគណនីហ្វេសប៊ុកផេកមួយឈ្មោះថា Fanimss Cambodia បានចេញមកបង្ហោះថា ៖ «ជាផ្លូវការ Vuth Thidavin នឹងតំណាងឱ្យកម្ពុជាក្នុងកម្មវិធី Miss Grand international 2021 នៅក្នុងពេលឆាប់ៗ សូមបញ្ជាក់ វុធ ធីដាវិន ជាបេក្ខភាព Miss Grand Cambodia 2020 ចំណាត់ថ្នាក់លេខ 4 មានស្រុកកំណើតមកពីខេត្តបាត់ដំបង នាងមានអាយុ 20 ឆ្នាំ មានកម្ពស់ 1.75m ហើយនាងអាចអាននឹងនិយាយភាសាថៃបានយ៉ាងស្ទាត់ជំនាញ ហើយនាងក៏អាចនិយាយភាសាអង់គ្លេសបានខ្លះផងដែរ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងឈប់លើគុណកម្មវិធី ហើយអ្នកមកលើកទឹកចិត្តដល់ វុធ ធីដាវិន វិញដើម្បីឱ្យគាត់មានកម្លាំងចិត្តក្នុងការប្រកួតនៅក្នុងពេលឆាប់ៗនេះ» ។
យ៉ាងណាមិញ ក្រោយពីគណនីហ្វេសប៊ុកខាងលើបានចេញបង្ហោះដូចនេះ ខណៈនោះគេក៏ឃើញផេកផ្លូវការ Miss Grand Cambodia បានចេញច្រានចោលព័ត៌មាននេះភា្លមៗ ដោយថា ៖ «ក្រុមហ៊ុនសូមធ្វើការបដិសេធទាំងស្រុងរាល់ព័ត៌មានដែលគណនីហ្វេសប៊ុកឈ្មោះខាងលើនេះបានសរសេរថា បេក្ខនារីកញ្ញា វុធ ធីដាវិន ជាអ្នកជំនួសតំណែងពីកញ្ញា សេង រដ្ឋា គឺជាព័ត៌មានមិនពិតនោះទេ» ។ ជាមួយគ្នានោះ ទំព័រផេក Miss Grand Cambodia ក៏បានបញ្ជាក់ថា ៖ «រាល់ព័ត៌មានទាំងអស់ បើសិនជាមានអ្វីប្រែប្រួល ក្រុមហ៊ុននឹងផុសជូនដំណឹងតាមរយៈផេកផ្លូវការ Miss Grand Cambodia 2020 តែមួយគត់» ។
ស្របនឹងរឿងរ៉ាវចម្រូងចម្រាសនេះ មហាជននៅមិនទាន់បានដឹងច្បាស់នៅឡើយទេថា តើបេក្ខភាពរូបណាដែលតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅលើកម្មវិធីថ្នាក់អន្តរជាតិ Miss Grand International នៅប្រទេសថៃនាពេលខាងមុខនោះ? ដោយហេតុថា ពេលនេះក្រុមហ៊ុនមិនទាន់បានចេញប្រកាសជាផ្លូវការ ៕