ស្នេហា Goal! ស្រឡាញ់គ្នា ៩ ឆ្នាំហើយ Kathryn និង Daniel នៅតែផ្អែមល្ហែម!
បើនិយាយពីតារាសម្តែងជំនាន់ថ្មីរបស់ប្រទេសហ្វីលីពីន នាង Kathryn Bernardo ហាក់កំពុងតែបោះជំហានទទួលបានភាពល្បីល្បាញខ្លាំងឡើង ពីសំណាក់បណ្តាមហាជនអ្នកគាំទ្រស្ទើរគ្រប់ប្រទេស ។
ក្នុងនោះប្រទេសកម្ពុជា ក៏ធ្លាប់បានទស្សនាខ្សែភាពយន្តរបស់នាងរួចហើយដែរ ដែលមានការចាក់បញ្ចាំងតាមរយៈស្ថានីយ៍ទូរទស្សន៍ និង បណ្តារោងកុននានា ជាពិសេសនោះគឺរឿង «Hello Love, Good Bye» ។
ទន្ទឹមនឹងគ្នានោះ បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាស្រីរូបនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ដូចគ្នាដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារវាងនាង និង មិត្តប្រុស ដែលគេបានដឹងថាជាតារាសម្តែង Daniel Padilla ។
Kathryn និង Daneil ចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នាតាំងពីពួកគេបានថតខ្សែភាពយន្តជាមួយគ្នាដំបូងកាលពីឆ្នាំ ២០១២ មកម្ល៉េះ ពោលមកដល់ពេលនេះអ្នកទាំងពីរ មានទំនាក់ទំនងស្នេហានឹងគ្នាប្រមាណជាជិត ៩ ឆ្នាំ មកហើយ ។
អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍នឹងគូស្នេហ៍ល្បីឈ្មោះ វ័យក្មេងមួយគូនេះ ក៏ព្រោះតែ Kathryn និង Daneil សុទ្ធសឹងតែជាតារាសម្តែងល្បីរបស់ហ្វីលីពីន។ អ្នកទាំងពីរបានចូលរួមសម្តែងខ្សែភាពយន្តជាតួឯកនឹងគ្នាជាច្រើនរឿងទៀតផង រហូតអ្នកគាំទ្របានលើកឡើងថា Kathryn និង Daneil គឺពិតជា គូស្នេហ៍វ័យក្មេងស័ក្ដិសមទាំងក្នុងសាច់រឿង និង ជីវិតពិត៕