អ្នកស្រី វីរៈតារា តួឯករឿង «អនអើយស្រីអន» ល្បីខ្លាំងទសវត្សរ៍ទី ៦០ បាត់មុខយូរហើយ
ប្រិយមិត្តដែលស្នេហាវិស័យភាពយន្ដខ្មែរកាលពីសម័យដើម ប្រហែលជាមិនទាន់ភ្លេចទេនូវវត្តមានតារាសម្ដែងល្បីល្បាញរូបសម្រស់ស្រស់សោភាពីធម្មជាតិ នោះគឺអ្នកស្រី វីរៈ តារា នោះទេ ប៉ុន្តែយ៉ាងណាក៏មានមហាជនមួយចំនួនស្ទើរតែភ្លេចមុខតារាសម្តែងដ៏ឆ្នើមរូបនេះផងដែរ បន្ទាប់ពីអ្នកស្រីបានលាឈប់ពីអាជីសម្តែងជាយូរឆ្នាំមកហើយនោះ ។
តើមកទល់នឹងបច្ចុប្បន្ននេះ តួឯកស្រីក្នុងរឿង «អនអើយស្រីអន» និង រឿង «ពុទ្ធិសែននាងកង្រី» អ្នកស្រី វីរៈ តារា មានសុខទុក្ខយ៉ាងណា និង កំពុងរស់នៅទីណាដែរ? មុនមកដឹងរឿងរ៉ាងខ្លះៗក្នុងបច្ចុប្បន្នភាពរបស់អ្នកស្រី វីរៈ តារា សូមបង្វែរអារម្មណ៍ប្រិយមិត្តទៅស្គាល់ពីអតីតកាលយ៉ៗរបស់អតីតតារាសម្តែឆ្នើមរូបនេះសិន ។
លោកស្រី វីរៈ តារា ជាអតីតតារាភាពយន្តមួយដួងដែលមានប្រជាប្រិយភាពខ្លាំងកាលពីអំឡុងទសវត្សរ៍ទី ៦០ និង ៧០ ដែលទស្សនិកជននៅចងចាំមិនទាន់ភ្លេចទេនូវទេពកោសល្យសម្ដែងដ៏ស័ក្តិសមឥតខ្ចោះរបស់អ្នកស្រីតាមរយៈខ្សែភាពយន្តនាសម័យនោះ ជាពិសេសគឺរឿង «អនអើយស្រីអន» ។ តារាភាពយន្ដជើងចាស់ដែលមានឱកាសរស់រានមានជីវិតពីរបបខ្មៅងងឹតប៉ុលពតរូបនេះមានឈ្មោះដើម គឹម ហៀក កើតនៅឆ្នាំ ១៩៤៧ នៅឯទីរួមខេត្តកំពត ។ ឪពុកអ្នកស្រីមានឈ្មោះ កុក យិន អតីតអ្នកបើកបររថយន្តពេទ្យ ឯម្ដាយអ្នកស្រីឈ្មោះ សេង ញុង ជាមេផ្ទះ ។
អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក លី ប៊ុនយីម ជាចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត នៅឆ្នាំ ១៩៦៤ ហើយមានបុត្រ ៥ នាក់ សុទ្ធតែប្រុសទាំងអស់ ។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី និង ស្វាមី ត្រូវបានជម្លៀសទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរយៈពេល ៥ ខែក៏លួចរត់ចេញទៅខេត្តហាទៀង ប្រទេសវៀតណាម ហើយឆ្លងចូលទៅប្រទេសឡាវ រហូតបានចេញទៅរស់នៅប្រទេសបារាំងនៅចុងឆ្នាំ ១៩៧៦ ។ នៅឆ្នាំ ១៩៨៦ អ្នកស្រីបានលែងលះជាមួយស្វាមីគឺលោក លី ប៊ុនយីម ។
គួរឱ្យដឹងដែរថា អ្នកស្រី វីរៈ តារា បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូងនៅឆ្នាំ ១៩៦៥ ក្នុងវ័យ ១៨ ឆ្នាំ តាមរយៈការជួយជ្រោមជ្រែងរបស់លោក លី ប៊ុនយីម ចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត ដែលត្រូវជាស្វាមីរបស់អ្នកស្រី ។ សព្វថ្ងៃនេះលោកស្រីកំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខ ហើយលោកស្រីក៏តែងបានធ្វើដំណើរមកលេងមាតុប្រទេសជាញឹកញាប់ ដើម្បីចូលរួមកម្មវិធីផ្សេងៗផងដែរ និង ចុងក្រោយនេះ គេបានឃើញវត្តមានអ្នកស្រីយ៉ាងកម្រតាមរយៈកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូលកាលទី ៣ ទៀតផង ។
ខណៈនេះដែរ យើងសូមលើកយកស្នាដៃរបស់លោកស្រីដែលសម្ដែងឱ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុប ៩ រឿង មកបង្ហាញជូនជាអាទិ៍រួមមាន ៖
១-រឿងសព្វសិទ្ធិ ១៩៦៥
២-រឿងពុទ្ធិសែននាងកង្រី ១៩៦៧
៣-រឿងអដ្ឋិសុវណ្ណចន្ទកេសរ ១៩៦៩
៤-រឿងសំគមបាញ់លលក ១៩៧០
៥-រឿងអនអើយស្រីអន ១៩៧២
៦-រឿងចំណងដៃទឹកភ្នែក ១៩៧៤
៧-រឿងឯណាប្រពន្ធខ្ញុំ ១៩៧៥
៨-រឿងភ្នំពរកូន
៩-រឿងសេះសមុទ្រ (មិនទាន់បានបញ្ចាំង) ៕
ប្រភព ៖ វីគីភីឌា