បាត់មុខឈឹងពីសិល្បៈ តាមពិត Freshie Boy ឆ្នាំ ២០០៦ មូល សុវណ្ណគីរី សំងំធ្វើជំនួញនេះសោះ!
មហាជនអ្នកគាំទ្រ ជាពិសេសយុវវ័យដែលចូលចិត្តទស្សនាការប្រកួតកម្មវិធី Freshie Girl & Boy ចាប់តាំងពីជំនាន់ទី ១ ក្នុង ឆ្នាំ ២០០២ រហូតមកដល់ពេលបច្ចុប្បន្នជឿជាក់ណាស់ លោកអ្នកប្រាកដជាមិនខកខានការទស្សនាការប្រកួតជំនាន់ទី ៥ ក្នុង ឆ្នាំ ២០០៦ នោះទេ។
ក្នុងនោះគេចាំបានថា បេក្ខភាពដែលជាប់ជ័យលាភី ចំណាត់ថ្នាក់លេខ ៣ គឺលោក មូល សុវណ្ណគីរី ហាក់បង្ហាញវត្តមាននៅលើវិថីសិល្បៈបានច្រើនឆ្នាំជាងជ័យលាភីផ្នែកបុរសផ្សេងទៀត ស្របនឹងជ័យលាភីលេខ ២ គឺអ្នកនាង សុខ សុម៉ាវត្តី ក៏បានបន្តអាជីពជាតារាសម្តែង និង ពិធីការិនី មកដល់ពេលបច្ចុប្បន្នផងដែរ។
យ៉ាងណាមិញ ស្របពេលដែលអ្នកនាង សុខ សុម៉ាវត្តី នៅឈរជើងលើវិថីសិល្បៈ តែលោក មូល សុវណ្ណគីរី ហាក់លិបលក្នុងអាជីពមួយនេះ ដោយកាលពីកន្លងមកក្រោយបញ្ចប់អាជីពជាពិធីករ និង តារាចម្រៀង លោកបានបង្ហាញវត្តមានក្នុងការសម្តែងក្នុង MV របស់ផលិតកម្ម សាន់ដេ ផងដែរ ។
បន្ថែមពីនោះ បើក្រឡេកទៅមើលអាជីពក្រៅសិល្បៈពេលបច្ចុប្បន្នរបស់អតីត Freshie Boy ចំណាត់ថ្នាក់លេខ ៣ លោក មូល សុវណ្ណគីរី ហាក់មមាញឹកខ្លាំងលើមុខជំនួញជាច្រើន ។ ក្នុងនោះតាមរយៈការបង្ហោះលើគណនី fb របស់លោក គឺលោកមានលក់ផលិតផលថែរក្សាសម្រស់ ក៏ដូចជាប្រកបរបរ ដូចជាមុខជំនួញលក់ដី ផ្ទះ និង រថយន្តផងដែរ។
ទន្ទឹមនឹងគ្នានោះ មហាជនបានសង្កេតឃើញថាលោក មូល សុវណ្ណគីរី ហាក់រស់នៅក្នុងជីវិតហ៊ឺហារ និង រីករាយយ៉ាងខ្លាំងទៀតផង៕