មូលហេតុនេះទើប រ៉េត ស៊ូហ្សាណា ធ្វើឱ្យកន្លង់ៗពិបាកចូលកៀក!
ដោយសារតែទេពកោសល្យសិល្បៈ រួមជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាថែមទៀតនោះ បានធ្វើឱ្យតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា កាន់តែមានតែសន្ទុះការងារហក់ឡើងមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។ អ្វីដែលពិសេស ប្រជាប្រិយភាពកាន់តែខ្ពស់ មន្តស្នេហ៍របស់តារាវ័យ ២១ ឆ្នាំរូបនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា មិនខ្វះទេ ដែលមានបុរសៗជាច្រើនគួចចិត្ត ចង់នៅក្បែរ។
រយៈពេលតែប៉ុន្មានឆ្នាំសោះ រ៉េត ស៊ូហ្សាណា បានទទួលជោគជ័យជាខ្លាំង នៅក្នុងអាជីពមួយនេះ ដោយនាងក្តោបបានតំណែង ជាច្រើន ដែលមានទាំងការច្រៀង សម្តែង។ ជាពិសេស នាងក្តោបបានតំណែង ជាអ្នកតំណាងឱ្យផលិតផលធំៗជាច្រើន ដោយទទួលបានតម្លៃខ្លួនខ្ពស់គួរសម។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាងថែមទាំងលេចមុខរួមគ្នាជាមួយក្រុមគ្រួសារ នៅក្នុងស្ប៉តពាណិជ្ជកម្មផ្សព្វផ្សាយផលិតផលមួយទៀតផង។ ដោយសារប្រជាប្រិយភាពហក់ខ្លាំងបែបនេះ បានធ្វើឱ្យ រ៉េត ស៊ូហ្សាណា អាចកើបប្រាក់ចំណូលបានយ៉ាងងាយស្រួល។តួយ៉ាង មួយរយៈមុន នាងក៏បានបង្ហាញពីផ្ទះ ដែលមានតម្លៃរាប់សែនដុល្លារ និងបើកមុខរបរដោយខ្លួនឯង ដោយប្រើលុយកម្លាំងញើសឈាមខ្លួនឯងផ្ទាល់ទៀតផង។
ជាមួយនឹងសម្រស់ផូរផង់របស់តារាចម្រៀងវ័យក្មេងរូបនេះ ក៏បានឆក់យកបេះដូងបុរសៗមួយចំនួន ដែលមានទាំងវ័យក្មេងនិងវ័យកណ្តាលប្រជែងចង់បានបេះដូងរបស់នាង តែគួរឱ្យស្តាយមិនមែនជារឿងងាយស្រូលឡើយ ព្រោះចាប់តាំងពីពេលប្រឡូកសិល្បៈដំបូង រហូតមកដល់ពេលនេះ មហាជនសង្កេតឃើញថា ស្រីស្អាតរូបនេះ ហាក់មិនទាន់ខ្វល់ខ្វាយពីរឿងស្នេហានៅឡើយទេ ដោយយកពេលវេលារៀបសូត្រ ពង្រឹងសមត្ថភាពលើអាជីពសិល្បៈ មុខរបរ ជាពិសេស នាងតែងផ្ដល់ពេលវេលាជាច្រើន នៅជាមួយក្រុមគ្រួសារ៕