កៀកថ្ងៃទៅប្រកួតកម្មវិធី Miss Grand International លីវ ជីលី ពោលពាក្យបែបនេះភ្លែត
រយៈពេលប្រមាណជា ៩ ថ្ងៃ មកហើយ ដែលកញ្ញា លីវ ជីលី បានទទួលការផ្ទេរតំណែងជាអ្នកតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃ ។
ទន្ទឹមនឹងការផ្លាស់ប្ដូរផ្ទេរតំណែងពីមួយទៅមួយនេះ ធ្វើឱ្យទស្សនិកជនដែលនិយមគាំទ្រ និង តាមដានវិស័យ Miss Grand នៅកម្ពុជា មានការស្រងាកចិត្តមិនស្ទើរឡើយ ដែលឆ្នាំនេះការប្រកួតមានភាពច្របូកច្របល់កើតឡើងច្រើន ហើយមហាជនមួយចំនួនក៏មិនសូវជាផ្ដល់តម្លៃដល់មកុដ Miss Grand Cambodia 2020 តែទោះបីជាបែបនេះ ក៏មានទស្សនិកជនជាច្រើននៅតែអបអរសាទរ និង បន្តលើកទឹកចិត្តដល់បវរកញ្ញាគ្រងកមុដថ្មី លីវ ជីលី ដែលទទួលភារកិច្ចធំក្នុងការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិក្នុងឆ្នាំ ២០២១ នេះផងដែរ ។
បើតាមថ្ងៃកំណត់នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International 2020 នៅឯប្រទេសថៃ នឹងប្រព្រឹត្តនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះហើយ ។ ដោយឡែកបើក្រឡេកទៅមើល Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ឯណេះវិញ ថ្ងៃនៃការធ្វើដំណើរទៅកាន់ការប្រកួតលើឆាកអន្តរជាតិមកដល់ បវរកញ្ញារូបនេះ ក៏បានបង្ហោះសារមួយឃ្លាធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ។
សារនោះដែរ កញ្ញា លីវ ជីលី បានរៀបរាប់ថា ៖ «ជំរាបសួរ បងប្អូន ជនរួមជាតិទាំងអស់គ្នា នាងខ្ញុំ លីវ ជីលី Miss Grand BMC និង តំណាងជា Miss Grand Cambodia 2020 ទៅប្រកួតក្នុងកម្មវិធី Miss Grand International 2020 នាពេលខាងមុខនេះ នាងខ្ញុំសូមជម្រាបបងប្អូនថា ថ្វីដ្បិតការដើររបស់នាងខ្ញុំនៅមានកម្រិត តែនាងខ្ញុំនឹងប្តេជ្ញាថានឹងខិតខំប្រឹងប្រែងហ្វឹកហាត់បំពេញតួនាទីមួយនេះឲ្យអស់ពីសមត្ថភាពរបស់នាងខ្ញុំ» ។
លើសពីនោះ បវរកញ្ញា Miss Grand Cambodia 2020 បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមសរសើរនាង និង ជូនពរនាងយ៉ាងច្រើន មិនដាច់ពីមាត់ក៏ព្រោះសារមួយឃ្លាថា ៖ «រឹងមាំ តែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយ ម៉ឺងម៉ាត់ ក្លាហាន! សូមបងប្អូន កុំភ្លេចផ្តល់កម្លាំងចិត្តជូនរូបនាងខ្ញុំម្នាក់មួយផងចា៎ សូមអរគុណដល់បងប្អូនទុកជាមុន» ៕