អតីតអង្គរក្សរបស់ស្តេចចម្រៀងប៉ុប Michael Jackson បានអះអាងថា អតីតតារាចម្រៀងរូបនេះ បានទាយដឹងថា នឹងមានវីរុសកូវីដ-១៩ រាតត្បាត ទើបលោកជាញឹកញាប់ឃើញពាក់ម៉ាស់ជាប់ពេលចេញទៅណាមកណា ។
ជាការពិតណាស់ បើទោះបីជាតារាចម្រៀង Michael Jackson មិនបានទាយដឹងចំវីរុសរាតត្បាតជាសកលនេះទាំងស្រុងក៏ពិតមែន ប៉ុន្តែអតីតអង្គរក្សរបស់លោកម្នាក់ឈ្មោះ Matt Fiddes បាននិយាយថា តារាចម្រៀងរូបនេះ តែងតែពាក់ម៉ាស់ជានិច្ច ដោយសារតែលោកមានបំណងការពារខ្លួនពីវីរុសឆ្លងណាមួយ ដែលអាចចម្លងមកលើខ្លួនលោក ។
ថ្លែងប្រាប់សារព័ត៌មាន The Sun អតីតអង្គរក្សវ័យ ៤១ ឆ្នាំរូបនេះបានអះអាងថា «គាត់ (Michael Jackson) បានដឹងថា គ្រោះមហន្តរាយមួយនឹងកើតមានឡើង ។ គាត់តែងតែគិតដឹង ហើយតែងតែទាយទុកថា ពួកយើងនឹងត្រូវវិនាសនៅពេលណាមួយ ហើយវាជាមេរោគដែលអាចរាលដាលឆ្លង» ។
លោក Matt ថែមទាំងនិយាយទៀតថា លោកធ្លាប់បាននិយាយលេងសើច សុំ Michael ឲ្យឈប់ពាក់ម៉ាស់ ព្រោះលោកមិនចង់ជាប់ក្នុងរូបថតជាមួយ Michael ពេលលោកពាក់ម៉ាស់បែបនេះ ។ ព្រមគ្នានោះ លោកទទួលបានចម្លើយតបវិញថា «Matt! ខ្ញុំអត់អាចឈឺបានទេ ខ្ញុំមិនអាចធ្វើឲ្យអ្នកគាំទ្រខ្ញុំខកចិត្តឡើយ ។ ខ្ញុំត្រូវត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីនៅថ្ងៃខាងមុខ ។ ខ្ញុំរស់នៅលើផែនដីនេះសុទ្ធតែមានហេតុផល ខ្ញុំមិនអាចបំផ្លាញសំឡេងខ្ញុំឡើយ ។ ខ្ញុំត្រូវតែមានសុខភាពល្អ ។ ខ្ញុំមិនដឹងថាខ្ញុំបានជួបប៉ះពាល់នរណាខ្លះនៅថ្ងៃនេះ ហើយខ្ញុំក៏មិនបានដឹងថា ខ្ញុំអាចឆ្លងជំងឺអ្វីខ្លះមកលើខ្លួនដែរ» ។
លោក Matt បានអះអាងបន្ថែមទៀតថា ប្រសិនបើ Jackson នៅរស់ គាត់នឹងនិយាយថា «ខ្ញុំបានប្រាប់ហើយតើ!» ទៅកាន់គ្រប់គ្នា ដែលបច្ចុប្បន្ននាំគ្នាបង្ខំចិត្តពាក់ម៉ាស់ ដើម្បីការពារការរាលដាលឆ្លងវីរុសកូវីដ-១៩ ៕
ប្រភព៖ Ladbible