ក្រោយឆ្លងកូវីដ-១៩ ណុប បាយ៉ារិទ្ធ បង្ហោះសារប្រាប់ខ្លួនឯងឱ្យរឹងមាំ និង តស៊ូជម្នះជំងឺនេះឱ្យបាន
នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ណុប បាយ៉ារិទ្ធ បានចេញមុខមកបញ្ជាក់ថា លោកពិតជាត្រូវបានក្រសួងសុខាភិបាលបានមកយកសំណាកទៅពិនិត្យមែនកាលពីយប់មិញ ហើយពេលនេះលោកកំពុងតែរង់ចាំលទ្ធផលតេស្ត ។
យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលនេះ តាមលោក ហេង ឡុង បានបញ្ជាក់ថា ពេលនេះលោក ណុប បាយ៉ារិទ្ធ តេស្តឃើញវិជ្ជមានកូវីដ-១៩ ហើយ ដោយលោកបានឱ្យដឹងលើហ្វេសប៊ុកថា «មុននេះបន្តិចតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំងឺកូវីដ-១៩ សូមអំពាវនាវបងប្អូនទាំងអស់ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្ទាន់» ។
ក្នុងនោះដែរ លោក ណុប បាយ៉ារិទ្ធ សាមីខ្លួនផ្ទាល់ ក៏បានចេញមុខបង្ហោះសារមុននេះបន្តិច ពីការរកឃើញវិជ្ជមានកូវីដ-១៩ របស់លោក ហើយលោកក៏បានឲ្យដឹងថាខ្លួនកំពុងរៀបចំខ្លួនរង់ចាំឡានក្រសួងមកទទួលទៅព្យាបាល ។ លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ-១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់ និង រង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះ ដោយការព្យាបាលពីគ្រូពេទ្យឱ្យបាន ខ្ញុំមិនតក់ស្លុតនឹងការពិតនេះទេ ដ្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ» ៕