សុខ សីឡាលីន រាងស្ងប់ចិត្ត ព្រោះបានធ្វើបែបនេះនៅអំឡុង ១០ ថ្ងៃចុងក្រោយ
មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភជាខ្លាំង ក្រោយពីពិធីការិនី ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសមានឆ្លងកូវីដ-១៩ កាលពីពេលថ្មីៗនេះ ។ ក្នុងនោះដែរតារាចម្រៀង សុខ សីឡាលីន ក៏បានលើកឡើងបែបនេះ ក្រោយឃើញមហាជនក៏ដូចជាអ្នកគាំទ្រមានការចង់ដឹងពីសុខទុក្ខរបស់នាងជាច្រើន ។
ជាមួយនឹងការអះអាងថាបានទទួលវ៉ាក់សាំងកូវីដ-១៩ លើកទីមួយហើយ តារាចម្រៀង សុខ សីឡាលីន បានភ្ជាប់មកជាមួយសារដែលមានអត្ថន័យថា «អរគុណសម្រាប់មិត្តភក្តិបងប្អូន និង អ្នកគាំទ្រដែលបារម្ភ ប៉ុន្តែ ១០ ថ្ងៃចុងក្រោយនេះ ខ្ញុំពុំមានវត្តមាននៅឆាកតន្រ្តីនៅស្ថានីយហង្សមាសទេ ហើយក៏អត់បានជួបប្រាស្រ័យទាក់ទងនឹងបងៗដែរ គឺទៅធ្វើការនៅកន្លែងធ្វើការរដ្ឋដោយប្រុងប្រយ័ត្ន ហើយក៏បានចាក់វ៉ាក់សាំងលើកទី១ រួចរាល់មកហើយ តែទោះជាយ៉ាងណាក៏នាងខ្ញុំនៅតែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីអនាម័យ ម៉ាស់ និង គម្លាតសុវត្ថិភាព និង ធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងដែរ ។ មានតែពាក្យជូនពរបងប្អូន យើងឱ្យឆាប់ជាសះស្បើយ និង ចៀសផុតទាំងអស់គ្នា» ។
ការលើកឡើងរបស់ សុខ សីឡាលីន បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រធូរចិត្តច្រើន ។ ជាមួយគ្នានោះ ដែរតារាចម្រៀងរូបនេះក៏បានចូលរួមលើកទឹកចិត្ត និង ជូនពរដល់មិត្តភក្តិរួមអាជីព ដែលមានដូចជាលោក ណុប បាយ៉ារិទ្ធ កែវ ចាន់និមល និង លោក អ៊ិន ទីតូ ឱ្យឆាប់ជាសះស្បើយពីជំងឺកាចសាហាវមួយនេះ ៕