បែកទ្រនំគ្នាច្រើនឆ្នាំ យក់ ថិតរដ្ឋា នៅតែធ្វើរឿងមួយនេះឱ្យ កែវ ចាន់និមល និង លោក ទីតូ កំពុងផ្ទុកជំងឺកូវីដ-១៩
គិតមកដល់ពេលនេះ តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា បានចាកចេញពីផលិតកម្មរស្មីហង្សមាស ដោយផ្លាស់ប្ដូរទ្រនំទៅច្រៀងនៅផលិតកម្មថោនរយៈពេលប៉ុន្មានឆ្នាំហើយ ប៉ុន្ដែទោះជាយ៉ាងណា ទំនាក់ទំនងរវាងនាង និង មិត្តធ្លាប់រួមទ្រនំនៅតែល្អដូចមុនដដែល ។
តួយ៉ាងខណៈដំណឹង ពិធីការិនី កែវ ចាន់និមល និង គ្រួសារ ព្រមទាំងលោក អ៊ិន ទីតូ រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតដោយក្ដីព្រួយបារម្ភ ក្នុងនោះតារាចម្រៀង យក់ ថិតរដ្ឋា ក៏មិននៅស្ងៀមដែរ អ្នកនាងក៏បានបង្ហោះសារជូនពរឱ្យមិត្តធ្លាប់រួមទ្រនំឆាប់ជាសះស្បើយ ដើម្បីបង្ហាញពីការស្រឡាញ់រាប់អាន ក៏ដូចជាលើកទឹកចិត្តដល់មិត្តចាស់ផងដែរ ។
អមជាមួយរូបថតចាស់ៗជាច្រើនសន្លឹក អ្នកនាង យក់ ថិតរដ្ឋា បានរៀបរាប់ថា «ក្នុងនាមសិល្បការិនីមួយរូប ខ្ញុំសូមចូលរួមលើកទឹកចិត្ត និងសូមជូនពរឱ្យក្រុមគ្រួសាររបស់ប្អូនស្រី និមល និង បងប្រុស អ៊ិន ទីតូ ឆាប់ជា និង មានសុខភាពល្អឡើងវិញទាំងអស់គ្នា (យើងអាចភ្លេច COVID-19 តែ COVID-19 មិនដែលភ្លេចយើងទេ) ការពារចាប់ពីខ្លួនអ្នកឡើងទៅ ដើម្បីខ្លួនអ្នក ក្រុមគ្រួសារអ្នក និង សង្គមជាតិរបស់អ្នក) សូមទេវតាប្រសិទ្ធិពរជ័យឱ្យសង្គមជាតិទូទាំងពិភពលោកជៀសផុតពីជំងឺ COVID-19 ឆាប់ៗផងចុះ» ៕