ទោះមិនស្ថិតក្នុងទ្រនំរួមគ្នា ខេម ពោលពាក្យនេះក្នុងនាមមិត្តរួមអាជីព មានអត្ថន័យបំផុត
បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ ទៅលើតារាចម្រៀង និង ពិធីការិនី ប្រចាំហង្សមាស ចំនួន ២ រូប និង អ្នកដឹកនាំសម្តែងមួយរូប កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ កន្លងមកនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់សង្កេតឃើញថា មានសិល្បករសិល្បការិនីជាច្រើនក៏បានចូលរួមបង្ហោះសារជូនពរ និង ផ្តល់កម្លាំងចិត្តដល់ពួកគេផងដែរ ។
ក្នុងនោះ បើក្រឡេកទៅមើលតារាចម្រៀងប្រុសសំឡេងស្អកប្រចាំផលិតកម្ម Galaxy Navatra លោក ខេម ឯនេះវិញ ក៏មិនខុសពីសិល្បករដទៃនោះទេ គឺលោកក៏បានចូលរួមបង្ហោះសារជូនពរ និង លើកទឹកចិត្តដល់អ្នកជំងឺដូចគ្នា ។
តួយ៉ាង អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ដល់លោក ខេម ក៏ព្រោះតែ ទោះបីជាលោកមិនបានរួមទ្រនំផលិតកម្មនឹងសិល្បករកំពុងសម្រាកព្យាបាលកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែក្នុងនាមមិត្តរួមអាជីពលោកបានរៀបរាប់នូវពាក្យពេចន៍ជាច្រើនយ៉ាងមានអត្ថន័យដល់អ្នកទាំង ៣ ។
សារដ៏មានអត្ថន័យរបស់លោក ខេម បានរៀបរាប់ «ក្នុងនាមខ្ញុំបាទជាតារាចំរៀងប្រចាំផលិតកម្ម Galaxy Navatra និង ជាតារាចម្រៀងនៅក្នុងប្រទេសខ្មែរ សូមចូលរួមលើកទឹកចិត្តចំពោះរាមច្បងតារាចម្រៀង ណុប បាយ៉ារិទ្ធ និង ក្រុមគ្រួសារ ពិធីការនីប្រចាំ TV ហង្សមាស ព្រមទាំងបងប្រុស អ៊ិន ទីតូ ដែលបានឆ្លងនូវមេរោគកូវីដ-១៩ ។ ខ្ញុំបាទពិតជាសោកស្តាយ និង មានការព្រួយបារម្មណ៍ណាស់ចំពោះសុខភាពពួកគាត់ ។ ដូច្នេះសូមជូនពរឲ្យពួកគាត់បានឆាប់ជាសះស្បើយ ហើយនេះក៏ជាសារមួយដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ បានយល់ដឹងហើយការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ-១៩ សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំមើលស្រាលជំងឺនេះឡើយ ។ ជាចុងក្រោយ ខ្ញុំលើកដៃបួងសួង អធិដ្ឋានដល់ព្រះជាម្ចាស់ សូមជួយប្រជាជនកម្ពុជាគ្រប់រូបឲ្យបានរួចផុតពីគ្រោះដ៏កាចអាក្រក់នេះផង» ៕