ខៀវ សានសាណា រន្ធត់ចិត្ត លើកទី ១ ទៅធ្វើការទាំងប្រថុយប្រថាន
ខណៈប្រទេសកម្ពុជាកំពុងជួបស្ថានភាពដ៏តានតឹង ដោយក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ បន្តកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតពេលនេះបានរកឃើញសិល្បករ សិល្បការិនីប៉ុន្មានរូបមកហើយដែលបានឆ្លងវីរុសដ៏កាចសាហាវនេះ ។
ក្នុងនោះពិធីការិនី ខៀវ សានសាណា បានបង្ហោះសាររន្ធត់ចិត្តជាខ្លាំង ដែលជនរួមជាតិ ក៏ដូចជាមិត្តរួមអាជីពមានជំងឺកូវីដ-១៩ នេះ ដែលទន្ទឹមនឹងនោះ នាងក៏បង្ហាញក្ដីព្រួយបារម្ភ ត្អូញត្អែរថា នេះជាលើកទី ១ ក្នុងជីវិត ដែលនាងទៅធ្វើការទាំងការប្រថុយប្រថាន ប៉ុន្ដែវាគឺជាភារកិច្ច ។
ខៀវ សានសាណា បានរៀបរាប់ថា «សែនរន្ធត់ចិត្តចំពោះជនរួមជាតិ និង មិត្តរួមអាជីពដែលមាន covid-19 ប៉ុន្តែសុំកុំទន់ខ្សោយ បន្តរឹងមាំផ្នែកស្មារតី ថែរក្សារាងកាយ ស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ ។ បងប្អូនប្រាកដជាត្រលប់មករកក្រុមគ្រួសារវិញប្រកបដោយសុខភាពរឹងមាំដូចដើម ។ នេះជាលើកទីមួយក្នុងជីវិតដែលទៅធ្វើការទាំងបេះដូងក្រៀមក្រំ ព្រោះពិតជាប្រថុយប្រថានខ្លាំងណាស់ ប៉ុន្តែវាជាភារកិច្ច ។ ពេលនេះយល់ច្បាស់ពីអារម្មណ៍របស់កងទ័ពដែលចូលប្រយុទ្ធក្នុងសមរភូមិ ។ ជូនពរយាយតា អ៊ំពូមីង បងប្អូន និង ខ្លួនឯងសូមចៀសពីជំងឺដ៏ឆ្កួតឡប់នេះ» ៕