ភុល សុវណ្ណដានីន រៀបចំពិធីតូចតាចលក្ខណៈគ្រួសារ ក្រោយរំសាយមង្គលការធំ
បើទោះមិនបានរៀបចំពិធីមង្គលការធំដុំទៅតាមគម្រោងក៏ពិតមែន តែតារាសម្តែងលោក ភុល សុវណ្ណដានីន បានសម្រេចចិត្តរៀបចំពិធីជាលក្ខណៈគ្រួសារជំនួសវិញ ដែលក្នុងនោះគេក៏សង្កេតឃើញមានវត្តមានអ្នកសិល្បៈចូលរួមមួយចំនួនផងដែរ ។
បើតាមបំណងលោក ភុល សុវណ្ណដានីន នឹងត្រូវចូលរោងជ័យទៅតាមប្រពៃណីខ្មែរជាមួយកូនក្រមុំរូបស្រស់ជានាយប៉ូលិសនៅថ្ងៃទី ០៨ កន្លងមក តែដោយសារចូលរួមកាត់បន្ថយកូវីដ-១៩ ដែលកំពុងតែផ្ទុះខ្លាំងនោះ តារាសម្តែងរូបនេះក៏បានផ្អាកការរៀបចំកម្មវិធីរបស់ខ្លួនភ្លាមៗ ប៉ុន្តែដោយសារមិនចង់រំលងពេលាល្អលោក ភុល សុវណ្ណដានីន បានសម្រេចចិត្តរៀបចំពិធីតូចតាចជាលក្ខណៈគ្រួសារទៅវិញ ។ ពិធីរបស់លោក ភុល សុវណ្ណដានីន រៀបចំនៅផ្ទះខាងស្រី ដែលមានទីតាំងនៅម្តុំវត្តអន្លង់រមៀត ។
នៅក្នុងថ្ងៃនោះគេសង្កេតឃើញមានមិត្តភក្តិក្នុងសិល្បៈមួយចំនួនដូចជាលោក សាយ សៀរ៉ា ប៉ែន ចំរុង ស៊ឹម សោភ័ណ និង លោក លៀក លីដា ជាដើម ។ ដ្បិតរៀបចំពិធីជាលក្ខណៈសាមញ្ញ ជួបជុំគ្រួសារបែបនេះក្តី តែលោក ភុល សុវណ្ណដានីន នៅតែមានបំណងរៀបពិធីមង្គលការជាលក្ខណៈអធិកអធមម្តងទៀត ក្រោយកូវីដ-១៩ ស្ងប់ស្ងាត់ ។ ភរិយារបស់លោក ភុល សុវណ្ណដានីន គឺជានាយប៉ូលិសម្នាក់ដែលមានសម្រស់ស្រស់ស្អាត ហើយអ្នកទាំងពីរបានភ្ជាប់ស្នេហ៍យូរគួរសមទម្រាំសម្រេចចិត្តដឹកដៃគ្នាចូលរោងជ័យ ៕