លទ្ធផលតេស្តកូវីដ-១៩ របស់ សួស វីសា និង ស្វាមី ចេញហើយពេលនេះ
កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀង សួស វីសា និង ស្វាមី គឺលោក ថមមី បានទៅធ្វើតេស្តរកកូវីដ-១៩ នៅឯក្រុមហ៊ុន និង រង់ចាំលទ្ធផលចេញនៅថ្ងៃបន្ទាប់ផងដែរ ។ ក្នុងនោះដែរ តារាស្រីរូបនេះបានបង្ហាញអារម្មណ៍វិលវល់ខ្វល់ចិត្តពីសុខទុក្ខ និង សុខភាពរបស់ខ្លួន ព្រមទាំងស្វាមីយ៉ាងខ្លាំង ព្រោះប្រសិនហើយអ្នកទាំងពីរមានលទ្ធផលមិនល្អ កូនតូចរបស់អ្នកនាងក៏មិនល្អដូចគ្នាដែរ ។
យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ សួស វីសា និង ស្វាមី ហាក់ធូរស្បើយចិត្តឡើងវិញ បន្ទាប់ពីលទ្ធផលតេស្តរបស់អ្នកទាំងពីរគឺអវិជ្ជមានកូវីដ-១៩ ដូច្នេះហើយកូនតូចរបស់អ្នកនាងក៏មានសុខភាពល្អដូចគ្នាដែរ ។
តួយ៉ាង សួស វីសា បានបង្ហោះសាររីករាយមួយក្រោយពីទទួលបានលទ្ធផលថា «សូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំ និង ស្វាមីបានទទួលលទ្ធផលធ្វើតេស្តរកមេរោគ COVID-19 កាលពីម្សិលមិញហើយ គឺ (អវិជ្ជមាន) អវិជ្ជមានទាំងពីរនាក់ប្តីប្រពន្ធ ។ ពេលនេះក្រុមគ្រួសារខ្ញុំ និង កូនតូចរបស់ខ្ញុំមានសុខភាពល្អប្រក្រតីជាធម្មាតមិនមានអ្វីប្លែកទេ តែយើងក៏នៅតែបន្តការការពារអោយម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងកុំឲ្យឆ្លងរាលដាលជំងឺមួយនេះ» ។
លើសពីនោះ អ្នកនាងបានបន្ថែមសារលើកទឹកចិត្តដល់មិត្តសិល្បករដែលកំពុងសម្រាកព្យាបាលកូវីដ-១៩ ទៀតថា «យ៉ាងណានាងខ្ញុំក៏ចូលរួមលើកទឹកចិត្តដល់បងប្អូនសិល្បករទាំងអស់ ដែលបានទទួលលទ្ធផល (វិជ្ជមាន) សូមជូនពរឱ្យឆាប់ជាសះស្បើយ និង វិលមកបម្រើអារម្មណ៍បងប្អូនយាយតាយើងវិញឆាប់ៗបន្តទៀត ។ ជាចុងក្រោយនាងខ្ញុំ និង ក្រុមគ្រួសារ សូមអរគុណដល់មិត្តភក្តិបងប្អូនជិតឆ្ងាយទាំងអស់ដែលបានបារម្ភ និង ជូនពរដល់ខ្ញុំ និង គ្រួសារ សូមជូនពរឲ្យអ្នកទាំងអស់គ្នារួចផុតពីជំងឺទាំងឡាយទាំងពួង ជាពិសេសគឺជំងឺ COVID-19 ។ យើងអាចភ្លេច COVID-19 តែ Covid-19 មិនដែលភ្លេចយើងទេ»៕