បងថ្លៃ ឱក សុគន្ធកញ្ញា ចេញមុខសុំទោស ក្រោយឆ្លងកូវីដ-១៩
ក្រៅពីតារាចម្រៀង និង ពិធីការិនីនៅក្នុងផលិតកម្មហង្សមាស បងថ្លៃរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលត្រូវគេស្គាល់ថាម្ចាស់ហាងលក់កាបូបដ៏ល្បីមួយក៏មានផ្ទុកកូវីដ-១៩ ដែរ ។ ក្នុងនោះអ្នកស្រីក៏បានបង្ហាញអារម្មណ៍សោកស្តាយ និង សុំទោសដល់មហាជនទៀតផង ។
ស្ថិតនៅក្នុងបន្ទប់សម្រាកព្យាបាល បងថ្លៃរបស់ ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ថាដ៏គួរឱ្យអាណិតថា «សុំទោសបងប្អូនដែលអត់បានឆ្លើយផេក ពីព្រោះខ្ញុំក៏អត់បានដឹងមុនដែរ មិននឹកស្មានថាខ្ញុំមានកូវីដទេ ពីព្រោះមិនដែលបានដើរចេញក្រៅផង ស្រាប់តែមានអ៊ីចឹង ខ្ញុំពិតជាសោកស្តាយណាស់ពិតជាសុំទោសមែនបងប្អូន ។ សូមបងប្អូនទាំងត្រូវតែប្រុងប្រយ័ត្នកុំប្រហែសឱ្យសោះកុំឱ្យដូចគ្រូសារខ្ញុំ» ។
ជាមួយនឹងការលើកឡើងរបស់អ្នកស្រីក៏ទទួលបានការចាប់អារម្មណ៍ និង ស្រណោះជាខ្លាំង ហើយក្នុងនោះក៏មានមិត្តភក្តិនៅក្នុងបណ្តាញសង្គម ជាពិសេសតារាៗនៅក្នុងផលិតកម្មហង្សមាសបានចូលរួមជូនពរ និង ផ្តល់កម្លាំងចិត្តឱ្យអ្នកស្រីមានភាពរឹងមាំ និង ឆាប់ជាសះស្បើយនៅក្នុងពេលឆាប់ៗនេះ ។ នៅក្នុងពេលនេះដែរ តារាដែលបានឆ្លងកូវីដ-១៩ នៅក្នុងផលិតកម្មហង្សមាសមាន ដូចជា កែវ ចាន់និមល ណុប បាយ៉ារិទ្ធ សុគន្ធ និសា និង វី ឌីណែត ជាដើម ៕