ម្ដាយ Nadech ពេញចិត្ត Yaya ខ្លាំងណាស់ មើលតែរឿងមួយនេះក៏ដឹង
កន្លងមកមានទស្សនិកជនជាច្រើនតែងលួចច្រណែននឹងវាសនាតារាសម្ដែងស្រីថៃជួរមុខ Yaya ដែលនាងមិនត្រឹមមានរូបសម្រស់ស្រស់ស្អាត មានទេពកោសល្យផ្នែកសម្ដែងរហូតក្លាយជាតារាគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍លេខ ៣ ថៃទេ ប៉ុន្ដែនាងក៏រកបាន Nadech ជាមិត្តប្រុសដែលជាសុភាពបុរស មានរូបរាងស្រស់សង្ហា ចេះគោរពចាស់ទុំ ថែមទាំងជាបុរសក្នុងក្ដីស្រមៃរបស់នារីៗជាច្រើន។
ក្រៅពីអាចរកបានបុរសល្អចេះមើលថែដូចជា Nadech ហើយនោះ តារាស្រី Yaya នៅធ្វើឱ្យមហាជនច្រណែននឹងរូបនាងជាថ្មី ព្រោះថានាងមានអនាគតម្ដាយក្មេក (ម្ដាយរបស់ Nadech) ស្រឡាញ់ ចាត់ទុកនាងប្រៀបដូចជាកូនស្រីបង្កើត ។
តួយ៉ាង ក្នុងឱកាសខួបកំណើត Yaya គម្រប់អាយុ ២៨ ឆ្នាំ កន្លងទៅ ម្ដាយតារាប្រុស Nadech ធ្លាប់ទម្លាយសារនៅលើ IG ជូនពរអនាគតកូនប្រសាស្រីយ៉ាងវែងអន្លាយថា «រីករាយថ្ងៃកំណើតណា យ៉ាយ៉ា សូមឱ្យជីវិតជួបតែសេចក្ដីសុខកាយសប្បាយចិត្ត មានលាភមានជ័យ ទៅណាមកណាសូមឱ្យមានតែសុខសុវត្ថិភាព សូមឱ្យមានជោគមានជ័យសម្រេចបាននូវគ្រប់ភារកិច្ច ព្រមទាំងការងារលុយកាក់ហូរចូលដូចទឹក មានយសមានស័ក្តិ ជាពិសេសសូមឱ្យមានសេចក្ដីស្នេហាដែលមានពន្លឺដ៏សែនត្រចះត្រចង់ ស្ថិតស្ថេរជាអមតណា រីករាយថ្ងៃកំណើត យ៉ាយ៉ា» ៕