ផ្ទុះការភ្ញាក់ផ្អើល សឿ សុធារ៉ា បង្ហោះសារផ្សងរកកំលោះស្មោះស្នេហ៍ មិនគិតពីអតីតកាល
បើទោះជាមានព័ត៌មានជាបន្តបន្ទាប់បង្ហាញពីជីវិតអាពាហ៍ពិពាហ៍ប្រេះស្រាំក៏ពិតមែន តែ សឿ សុធារ៉ា នៅតែសំងំឈឹងមិនចេញមុខបកស្រាយអ្វីឡើយ ប៉ុន្តែយ៉ាងណាតារារូបនេះនៅតែបន្តបង្ហោះសារប្លែកៗបង្ហាញអារម្មណ៍របស់ខ្លួន ជាពិសេសប្រាថ្នាចង់ជួបដៃគូថ្មីមានលក្ខណៈសម្បត្តិដែលខ្លួនស្រមៃចង់បាន ។
សឿ សុធារ៉ា លេចមុខជាថ្មីនៅក្នុងអាជីពសម្តែង ក្រោយពីបាត់មុខពីការងារនេះប្រមាណជាង ១០ ឆ្នាំ ហើយអ្វីដែលគួរឱ្យសង្ស័យ បង្ហាញមុខលើកនេះ សឿ សុធារ៉ា បដិសេធសុំមិននិយាយពីជីវិតប្តីប្រពន្ធនោះឡើយ ។ ការលើកឡើងរបស់ សឿ សុធារ៉ា ស្របពេលមានព័ត៌មានថាជីវិតគូរបស់នាង និង លោក សាពូន មីដាដា ដើរដល់ផ្លូវបំបែក ទើបនាងងាកមកចាប់ការងារនេះជាថ្មីឡើងវិញ ។ ជារឿយៗតារាសម្តែងកូនពីររូបនេះតែងបញ្ចេញសារប្លែកៗបង្ហាញពីស្នេហ៍មិនសមប្រកប ជាពិសេសថ្មីៗនេះនាងបានលើកឡើងថា «សូមផ្សងប្រាថ្នាបុរសម្នាក់ស្មោះ ហើយត្រង់នឹងខ្ញុំ ។ សូមផ្ញើ វាសនាលើតែកំលោះ បើគាត់មិនប្រកាន់អតីតខ្ញុំ»។
មិនខុសបំណងឡើយបង្ហាញវត្តមានជាថ្មី សឿ សុធារ៉ា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតកម្មនានា ដោយពេលនេះនាងកំពុងមមាញឹកនៅក្នុងការថតរឿងភាគរបស់ទូរទស្សន៍ហង្សមាសក្នុងតំណែងជាតួឆ្នាស់ឆ្នើម ដែលនាងប្រាប់ថាជាលើកដំបូងដែលសម្តែងជាតួបែបនេះ ។ មួយវិញទៀត សឿ សុធារ៉ា ក៏មានគម្រោងសម្តែងរឿងមួយបន្ថែមទៀតដោយចាប់ដៃគូជាមួយលោក សុវណ្ណ មករា ដែលធ្លាប់ជាដៃគូចាស់នៅក្នុងរឿង «ព្រះគោព្រះកែវ» ៕