ក្រោយបាត់មុខឈឹង ឌីកាន សុភនាថ សាងគ្រួសារយ៉ាងរីករាយនឹងអ្នកនិពន្ធល្បីនៅហង្សមាស
កាលពីអំឡុងឆ្នាំ ១៩៩០ និង ឆ្នាំ ២០០០ អ្នកណាដែលថាមិនធ្លាប់ស្គាល់ និង ល្បីពីបងប្អូនស្រីត្រកូល ឌីកាន ទាំងពីរនាក់គឺ ឌីកាន កុល្លីន និង ឌីកាន សុភនាថ ដែលអ្នកទាំង ២ ជាតារាចម្រៀងយ៉េយ៉េដ៏មានប្រជាប្រិយភាពផងដែរ ។ កាលនោះ គេចាំបានថា តារាចម្រៀងជាបងប្អូនស្រីទាំង ២ រូបនេះ បានអង្រួនពិភពសិល្បៈខ្មែរ និង បានសាងភាពល្បីល្បាញមិនថាតែទៅលើទឹកដមសំឡេងប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់ និង ការលេងស្ទីលសម្តែងលើឆាកតន្រ្តីម្តងៗរបស់បងប្អូនស្រីទាំង ២ រូបនេះ ក៏បានឆក់យកបេះដូងអ្នកគាំទ្រមិនស្ទើរដែរ ។
ក្រោយពីបញ្ចប់ជីវិតសិល្បៈហើយ តារាចម្រៀងដែលជាបងស្រី គឺ ឌីកាន កុល្លីន បានទៅរស់នៅឯសហរដ្ឋអាមេរិក រីឯ ប្អូនស្រី គឺ ឌីកាន សុភនាថ រស់នៅបន្តឯប្រទេសកម្ពុជា និង បានសាងគ្រួសារយ៉ាងមានសុភមង្គលផងដែរ ជាមួយនឹងអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ម៉ម មិថុនា ។
បើក្រឡេកមកមើលជីវីតឯកជនរបស់ប្អូនស្រីត្រកូល កាន ដែលកំពុងតែបន្តរស់នៅឯប្រទេសកម្ពុជាឯណេះវិញ គឺអ្នកនាង ឌី កាន សុភនាថ ក្រោយពីរៀបការជាមួយនឹងអ្នកនិពន្ធល្បីឈ្មោះ លោក ម៉ម មិថុនា កាលពីឆ្នាំ ២០០២ មកទល់ពេលនេះ អ្នកនាង និង ស្វាមី ទទួលបានចំណងដៃកូនស្រី ២ រូបមកហើយ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបញ្ចប់អាជីពសិល្បៈទាំងស្រុង ឌីកាន សុភនាថ បានបើករបរហាងអ៊ុតសក់ និង លក់សម្លៀកបំពាក់ផងដែរ ៕