បែកគ្នា ២ ឆ្នាំ ពេលវិលមកត្រូវគ្នាមិនបានប៉ុន្មានផង Prang បង្ហើបរឿងរៀបការបែបនេះ
តារាសម្ដែងប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃ Prang Kannarun ដែលប្រិយមិត្តភាគច្រើនស្គាល់នាងច្បាស់តាមរយៈការសម្ដែងជាតួអង្គឈ្មោះនាង ចាន់វ៉ាត ក្នុងរឿងភាគថៃដ៏ល្បី «បុព្វេសន្និវាស» កាលពីពេលកន្លងមក ។
អាចនិយាយថា តារាស្រីថៃ Prang ជាសិល្បការិនីដែលជោគជ័យក្នុងវិថីសិល្បៈមួយរូប ដោយសារតែទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ បូករួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញរបស់នាង ។ ដោយឡែកបើងាកទៅមើលជីវិតឯកជនរបស់ស្រីស្អាត Prang វិញ បច្ចុប្បន្ននាងកំពុងសាងស្នេហ៍ជាថ្មី ជាមួយអតីតសង្សារចាស់គឺតារាចម្រៀង Twopee ដែលអ្នកទាំងពីរបានបែកគ្នារយៈពេល ២ ឆ្នាំឯណោះ ទើបវិលមកសេពគប់គ្នាវិញ ។
ក្រោយពីវិញមកត្រូវរូវគ្នាលើកនេះ តារាស្រី Prang និង សង្សាររូបសង្ហា ហាក់បីដូចជាស្រឡាញ់ផ្អែមល្ហែមចំពោះគ្នាលើសដើម ដោយកន្លងមកពួកគេតែងធ្វើដំណើរកម្សាន្តរួមគ្នា ថតរូបស្វីតៗជាមួយគ្នា លើសពីនេះ លោក Twopee ថែមទាំងធ្លាប់តែបទចម្រៀងក្រោមចំណងជើង «កុំទៅណាទៀត» ឱ្យ Prang ជាពិសេសថែមទៀតផង ។
បន្ទាប់ពីការវិលត្រឡប់មកវិញ មហាជនជាច្រើនតែងតែចាប់ក្រសែភ្នែកមើលគូស្នេហ៍មួយគូនេះថា តើពេលណាពួកគេនឹងកាន់ដៃគ្នាចូលរោងការ ? សម្រាប់សំណួរនេះតែងតែកើតមានជារឿយៗសម្រាប់នាង ។ ជាក់ស្ដែងថ្មីៗនេះ នាង Prang Kannarun ក៏បានបង្ហើបរឿងរ៉ាវខ្លះៗដែរ ជុំវិញការឆ្ងល់របស់មហាជនថា សម្រាប់ពេលនេះរឿងរៀបការ នាង និង សង្សារក៏បាននិយាយគ្នាខ្លះៗដែរ តែមិនបានច្បាស់ការប៉ុន្មាននោះទេ ណាមួយនាង និង សង្សារក៏មមារញឹកការងារខ្លាំងណាស់ មិនសូវជាមានពេលវេលាឡើយ ។
ជាការពិតប្រសិនបើនាងរៀបការរួចរាល់នោះ គឺសង្សារនាងត្រូវតែមកមើលថែនាងច្រើនជាងនៅអំឡុងពេលជាសង្សារគ្នា ព្រោះពាក្យថាប្តីប្រពន្ធ វាខុសពីពាក្យថាសង្សារ មួយវិញទៀតឥលូវនេះនាងក៏មិនបានត្រៀមខ្លួនថាចង់រៀបការនោះឡើយ ព្រោះថាពេលនេះជាពេលដែលសំខាន់បំផុតក្នុងជីវិត ដោយការងារនិងឱកាសផ្សេងៗកំពុងតែចូលមកជីវិតនាង ដូចនេះនាងត្រូវតែ ប្រឹងប្រែងបន្តិចសិន មិនចង់ប្រញាប់ការពេកនោះទេ តែបើនិយាយពីក្រុមគ្រួសាររបស់នាង និង សង្សារវិញ ពួកគាត់ក៏យល់ស្របមិនជាបញ្ហា ឬ បង្ខំឱ្យការអ្វីនោះដែរ ៕