នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ នេះ តារាចម្រៀង សួស វីហ្សា បានប្រកាសដំណឹងល្អ គឺនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីប្រើពេលព្យាបាលអស់រយៈពេល ១៧ ថ្ងៃ តែយ៉ាងណា នាងមិនអាចទៅជួបស្និទ្ធស្នាលជាមួយស្វាមី និង កូនស្រីដូចក្ដីនឹករឭកបានភ្លាមៗឡើយ ពោលគឺនាងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ និង ត្រូវធ្វើតេស្តសំណាកជាលើកចុងក្រោយ ដើម្បីប្រាកដចិត្តថា នាងបានជាសះស្បើយមួយរយភាគរយ ។
សួស វីហ្សា បានបង្ហោះសារជាមួយអារម្មណ៍រំភើបក្ដុកក្ដួលដែលបានវិលត្រលប់ទៅផ្ទះ បានជួបជុំប្ដី និង កូនស្រីដែលបែកគ្នាអស់រយៈពេលជាងកន្លះខែមកនេះថា «សូមគោរពលោកតា លោកយាយ អ៊ំពូមីង ខ្ញុំមានដំណឹងល្អ ថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺ COVID-19 ហើយ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យខ្ញុំចាកចេញពីកន្លែងព្យាបាលនៅសណ្ឋាគារ Great Duke ត្រលប់ទៅផ្ទះវិញហើយ ប៉ុន្តែសម្រាប់ការវិលត្រលប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វើចត្តាឡីស័កនៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន 14ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី 20 ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យដើម្បីយកសំណាកជាលើកចុងក្រោយ ដើម្បីឱ្យកាន់តែច្បាស់ថាខ្ញុំពិតជាបានជាសះស្បើយពីជំងឺ COVID-19 100%ពិតប្រាកដមែន» ៕