ក្រោយបានជួបអ្នកវិជ្ជមានកូវីដ Margie ភ័យស្លេកមុខ ប្រញាប់នាំទាំងគ្រួសារទៅធ្វើតេស្ត
ក្រោយពីមានករណីផ្ទុះកូវីដ-១៩ សាជាថ្មីម្តងទៀតនៅប្រទេសថៃ គេកត់សម្គាល់ឃើញថាក្រសួងសុខាភិបាលប្រទេសថៃ បានរកឃើញមានអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ ។ ក្នុងករណីផ្ទុះនោះក៏មានជាប់ពាក់ព័ន្ធជាមួយនឹងតារាសម្ដែង-ចម្រៀងថៃជាច្រើននាក់ណាស់ ដោយអ្នកខ្លះកំពុងធ្វើតេស្ត អ្នកខ្លះកំពុងសម្រាកព្យាបាល ហើយខ្លះទៀតកំពុងដេកបុកពោះធ្វើចត្តាឡីស័ករង់ចាំលទ្ធផល ។
ដោយឡែក នៅថ្ងៃទី ៨ មេសា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រីនាង Margie ចេញមកបញ្ជាក់នៅក្នុងគណនី IG របស់នាងថា «នៅក្នុងឱកាសមួយនាងបាននាំកូនៗទាំងពីរបស់នាងទៅធ្វើការជិតជាមួយនឹងគ្រួសាររបស់តារាចម្រៀងប្រុសលោក Wer Titanium ក្រោយមកនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ ក៏បានដំណឹងថាតារាប្រុសរូបនេះមានវិជ្ជមានកូវីដ-១៩ ទើបនាងប្រញាប់នាំកូនៗ អ្នកបម្រើនៅក្នុងផ្ទះទាំងអស់ទៅធ្វើតេស្ត ដោយលទ្ធផលចេញមកគឺ អវិជ្ជមាន តែទោះជាយ៉ាងណាក្រុមគ្រួសាររបស់នាងក៏នៅបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀត ដើម្បីជាការទប់ស្កាត់ការរាតត្បាតមួយនេះផងដែរ» ។
ទន្ទឺមនឹងនោះដែរនាងសូមអភ័យទោសដល់បងប្អូនមិត្តភក្តិ អតិថិជនរបស់ខ្លួនដែលស្និតស្នាលនាងទាំងអស់ ហើយសូមឱ្យអ្នកទាំងអស់ថែរក្សាសុខភាព និង កុំប្រមាថវាឱ្យសោះ ព្រោះវានៅជិតយើងលើសពីអ្វីដែលយើងគិតទៅទៀត ។ យ៉ាងណាមិញក្រោយពីទទួលដំណឹងថា នាងទៅធ្វើចត្តាឡីស័កទាំងគ្រួសារបែបនេះ មហាជនក៏សម្តែងការព្រួយបារម្ភជាំខ្លាំង ថែមទាំងជូនពរពួកគេឱ្យរូចផុតពីជំងឺឆ្លងដ៏សាហាវមួយនេះផងដែរ ៕