ស្ងាត់ៗ កែវ ពេជ្រពិសី ភ្ជាប់ពាក្យគូថ្មី ជាអណិកជនខ្មែរនៅកាណាដា
ហាក់ខុសពីតារាដទៃបើទោះបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជិតមួយឆ្នាំក៏ពិតមែន តែតារាសម្តែង កែវ ពេជ្រពិសី មិនទាន់ហ៊ានទម្លាយការពិតឡើយ ។ សូម្បីតែបណ្តើរអនាគតស្វាមីចូលរួមនៅក្នុងកម្មវិធីរបស់មិត្តភក្តិក៏នាងមិនទាន់បង្ហាញដែរ ។
គេចាំបានថាក្រោយពីចែកផ្លូវជាអតីតស្វាមីជាអណិកជនរស់នៅប្រទេសអូស្រ្តាលីដែលជាថៅកែនំបុ័ងអស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះ កែវ ពេជ្រពិសី ក៏បានជួបស្នេហ៍ពិតដោយបានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរតាំងពីខែឧសភាឆ្នាំ ២០២០ មកម្ល៉េះ ដោយគូដណ្តឹងរបស់នាងជាអណិកជនរស់នៅប្រទេសកាណាដា ។ អ្វីដែលចាប់អារម្មណ៍បើទោះធ្លាប់ជួបប្រទះស្នេហ៍មិនសមប្រកបជាមួយបុរសនៅក្រៅប្រទេសក៏ពិតមែនក៏ កែវ ពេជ្រពិសី ហាក់មិនខ្វល់ឡើយ ។
សម្រាប់អនាគតស្វាមីនាងលើកនេះបានស្វែងយល់ចិត្តគ្នាប្រមាណជាបួនឆ្នាំមុននឹងឈានដល់ថ្ងៃភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ។ អនាគតស្វាមីរបស់ កែវ ពេជ្រពិសី ជាបុរសពោះម៉ាយដែលមានវ័យប្រមាណជា ៥០ ឆ្នាំ តែក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាស័ក្តិសមជាមួយនឹង កែវ ពេជ្រពិសី ហើយក្នុងនោះក៏មានការជូនពរចំពោះជីវិតគូថ្មីរបស់ កែវ ពេជ្រពិសី ផងដែរ ។
ដោយសារស្ថានភាពស្រុកទេសមិនអំណោយផល កែវ ពេជ្រពិសី មិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការរៀបការនៅឡើយទេ ។ បើទោះមិនទាន់មានឱកាសបង្ហាញសកម្មភាពសិល្បៈថ្មីៗក៏ពិតមែន តែតារាសម្តែង កែវ ពេជ្រពិសី ហាក់មិនបារម្ភអ្វីឡើយ ព្រោះពេលនេះនាងមានរបរនៅក្នុងដៃដែលមានដូចជាសម្អាងការ និង ការលក់ផលិតផលរក្សាសម្រស់ដែលកំពុងដំណើរការរលូនផងដែរ ៕