ថ្ងៃកំណើត ថមមី មិនប្រថ្នាអ្វីច្រើនទេ សុំត្រឹមរឿងម្យ៉ាងនេះដើម្បីកម្ពុជា ក៏គ្រប់គ្រាន់
រយៈប្រមាណជាង ១០ ថ្ងៃហើយ ដែលតារាចម្រៀង សូស វីហ្សា បានជាសះស្បើយពីកូវីដ-១៩ និង បានជួបជុំស្វាមី គឺលោក ថមមី កូនស្រីបណ្តូលចិត្ត Jenny និង ក្រុមគ្រួសាររបស់នាង ។ ក្នុងនោះ ក្រោយពីជួបជុំគ្នាជាថ្មី បន្ទាប់ពីបែកគ្នាជាង ២ ខែ ហើយនោះ មហាជនឃើញថាក្រុមគ្រួសាររបស់តារាប្រុសស្រី ២ រូប ខាងលើនេះគឺកាន់តែមានសុភមង្គលខ្លាំងឡើង ។
តួយ៉ាងកន្លងមក ក្រោយពីតារាចម្រៀង សួស វីហ្សា បានបញ្ចប់ការធ្វើចត្តាឡីស័ក លោក ថមមី បានរៀបចំកម្មវិធីខួបកំណើតដ៏តូចលក្ខណៈគ្រួសារយ៉ាងរីករាយម្តងរួចមកហើយ ហើយនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ក៏ជាថ្ងៃកំណើតរបស់លោក ថមមី ដែលជាស្វាមីវិញម្តង គឺមើលទៅពួកគេកាន់តែមានសុភមង្គលខ្លាំងឡើង ។
យ៉ាងណាមិញ នៅថ្ងៃកំណើតរបស់លោក ថមមី មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង នូវសារដ៏វែងអន្លាយដែលតារាប្រុសរូបនេះបានផុសក៏ព្រោះលោក បានសុំប្រាថ្នារឿងម្យ៉ាងដើម្បីប្រជាជនកម្ពុជា ដោយលើកឡើងថា ភរិយារបស់លោកធ្លាប់បានជួបរឿងរ៉ាវនេះហើយ ។
សារនោះលោករៀបរាប់ថា «Happy Birthday to me 05.05.2021 ជាដំបូង កូនសូមអរព្រះគុណដល់ឪពុកម្តាយធំ ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេក ប្រពន្ធសម្លាញ់ កូនស្រីសម្លាញ់ បងប្អូន រួមទាំងសាច់ញាតិទាំងអស់គ្នា ។ ក្នុងឱកាសថ្ងៃកំណើតខ្ញ៉ំឆ្នាំនេះ ខ្ញុំចង់សូមប៉ងនូវបំណងប្រាថ្នាធំជាងគេនោះ គឺសូមឱ្យឪពុកម្តាយបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នា ជាពិសេសសូមឱ្យកម្ពុជារួចផុតពីជំងឺកូវីដ-១៩ នេះឆាប់ៗផងចុះ ! ចូលរួមនូវវិធានការណ៍ ៣ កុំ ៣ ការពារ ទាំងអស់គ្នា ដើម្បីឱ្យប្រទេសជាតិយើង និង បងប្អូនជនរួមជាតិទាំងអស់គ្នា សុខសប្បាយអាចជួបជុំគ្នាជាមួយសាច់ញាតិវិញបានផងចុះ ។ ខ្ញុំយល់នូវអារម្មណ៍មួយនោះ ព្រោះប្រពន្ធខ្ញុំធ្លាប់ឆ្លងនូវជំងឺនេះ ហើយពួកយើងបានបែកគ្នាជាមួយកូនយូរថ្ងៃខែណាស់ ! ដូច្នេះបើបងប្អូនចង់ឱ្យកម្ពុជារួចផុតពីជំងឺនេះ យើងទាំងអស់គ្នាត្រូវតែចូលរួមឱ្យបាន ៣ កុំ ៣ ការពារ» ៕