សាយ សៀរ៉ា នឹកភ្នកបារម្ភពីមែ៉ ផល្លា ពេលកំពុងព្យាបាលកូវីដម្នាក់ឯង ទាំងស្ពាយជំងឺនេះក្នុងខ្លួន
កាលពីពេលកន្លងមក មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកការសរសើរដល់តារាសម្តែង សាយ សៀរ៉ា ម្តងរួចមកហើយ ក្រោយពីលោកបានយកចិត្តទុកដាក់ដល់មិត្តរួមអាជីពគឺកញ្ញា យ៉េយ៉េ ដែលបានសម្រាកព្យាបាលជំងឺកូវីដ-១៩ ។
កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ លោក សាយ សៀរ៉ា បានធ្វើឱ្យមហាជនសរសើរដល់លោកសាជាថ្មីម្តងទៀតហើយ នូវទឹកចិត្តនៃការព្រួយបារម្ភគិតគូរដល់តារាសម្តែង អ៊ឹម ផល្លា ហៅ ម៉ែផល្លា ដែលកំពុងតែសម្រាកព្យាបាលកូវីដ-១៩ នៅឯ The Premier Center Sen Sok ដោយលោកត្រៀមនឹងទិញសម្ភារ ចំណីអាហារដល់ ម៉ែផល្លា ផងដែរ ។
លើសពីនោះ លោក សាយ សៀរ៉ា ក៏បានរៀបរាប់ការព្រួយបារម្ភកាន់តែខ្លាំងដល់ ម៉ែផល្លា ពីស្ថានភាពជំងឺ និង សុខទុក្ខរបស់លោកស្រី ព្រោះតែ ម៉ែផល្លា មានវ័យចំណាស់កំពុងសម្រាកព្យាបាលតែម្នាក់គ្មានកូននៅក្បែរ ខណៈកូនស្រីរបស់លោកស្រីកំពុងសម្រាកព្យាបាលកូវីដ-១៩ នៅឯស្តាតអូឡាំពិក ។
លោក សាយ សៀរ៉ា បានរៀបរាប់ថា «ថ្ងៃនេះថាទិញអីយកទៅឱ្យអ្នក ម៉ែផល្លា ហូប តែហួសម៉ោងបាត់ ព្រោះថាគាត់ឆ្លងកូវីដ-១៩ កំពុងតែនៅពេទ្យព្យាបាលនៅមុខផ្សារអ៊ីអ៊ន ២ ។ ជូនពរឱ្យអ្នកម៉ែ ឆាប់ជាពីជំងឺ ថែសុខភាពផងអ្នកម៉ែ ។ គាត់ព្យាបាលនៅមុខផ្សាអ៊ីអន ២ កូនស្រីគាត់នៅស្តាតអូឡាំពិក បើបានកូនស្រីគាត់នៅព្យាបាលជាមួយគ្នា គឺល្អណាស់បានជួយមើលគាត់ ព្រោះថាគាត់រាល់ថ្ងៃឈឺចង្កេះពិបាកក្រោក» ។
គួរឱ្យដឹងថា ក្រោយពីតារាប្រុសរូបនេះបានបង្ហោះសារខាងលើនោះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលបញ្ចេញមតិ និង លើកឡើងថា លោក សាយ សៀរ៉ា គឺពិតជាមានទឹកចិត្តនៃការជួយ និង ចិត្តបុណ្យយ៉ាងខ្លាំង ក៏ព្រោះតែនេះមិនមែនជាលើកដំបូងទេ ដែលតារាប្រុសរូបនេះបានយកឧស្សាហ៍អ្នកដទៃ ពោលគឺលោកតែងតែជួយអ្នកខ្វះខាត ក៏ដូចជាសិល្បករចាស់ជរាជារឿយៗទៀតផង ៕