ប្រុសសង្ហាគូស្រីស្អាត! គូស្នេហ៍ ជីមមី ស្រឡាញ់នាងខ្លាំងខ្វះមិនបាន ដល់ថ្នាក់មើលថែដូចកែវ
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា ពិធីការិនីរូបស្រស់ ជីមមី កំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមបំផុត ជាមួយលោក Cham Nou ដោយកន្លងមក អ្នកទាំងពីរតែងបង្ហោះរូបថតឱបកៀកកើយគ្នាយ៉ាងល្អូកល្អិនបំផុត តាមរយៈបណ្ដាញសង្គមមិនសូវលស់ថ្ងៃនោះទេ សឹងតែធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករដោយសារពួកគេទៅហើយ ។
មិនត្រឹមតែជាគូស្នេហ៍ដ៏ស្អិតល្មួតមួយគូនេះ ជារឿយៗ គូស្នេហ៍ពិធីការិនីខាងលើ ក៏តែងបង្ហាញកាយវិការ ក៏ដូចជាសារប្រកាសប្រាប់មហាជនថា លោកស្រឡាញ់ ជីមមី ខ្លាំងមិនអាចរស់នៅដោយគ្មាននាងបានឡើយ ។
គូស្នេហ៍ ជីមមី ទើបតែបង្ហោះរូបថតស្វីតជាមួយនាងមួយសន្លឹកនៅលើគណនីហ្វេសប៊ុក ព្រមទាំងបានរៀបរាប់នូវពាក្យសម្ដីផ្អែមល្ហែមខ្លាំងទៅកាន់មិត្តស្រីសំណព្វចិត្ត ស្ដាប់ហើយគួរឱ្យព្រឺសម្បុរបំផុតដូចតទៅ «ជាមួយនារីម្នាក់នេះ ខ្ញុំមើលថែគាត់ដូចជាកែវ ទោះបីជាពេលនេះពួកយើងនៅក្បែរគ្នាក៏ដោយក៏ខ្ញុំនៅតែបន្តការតាមគាត់ដូចថ្ងៃដំបូង ដែលពួកយើងស្គាល់គ្នាអ៊ីចឹង ។
សេចក្តីសុខរបស់ខ្ញុំពេលនេះគឺនៅពេលដែលឃើញគាត់មានស្នាមញញឹម និង សប្បាយចិត្តស្អីក៏ខ្ញុំសុខចិត្តធ្វើដែរ ។ គេថាមុខខ្ញុំកាច ខ្ញុំពិតជាម៉ឺងម៉ាត់នៅពេលដែលខ្ញុំធ្វើការអ្វីមួយ តែពេលក្រឡេកទៅឃើញមុខរបស់គាត់ ខ្ញុំបាក់ធ្មុងអស់ហើយ ខ្ញុំដូចជាកូនឆ្មារនៅពេលនៅជាមួយគាត់ ។
ជាមួយនារីម្នាក់នេះ ខ្ញុំដឹងថាខ្លួនឯងរស់នៅខ្វះគាត់អត់បាន ដោយសារតែគាត់ធ្វើឱ្យជីវិតពិតរបស់ខ្ញុំ វាស្រស់ស្អាតជាងជីវិតដែលខ្ញុំធ្លាប់ស្រមៃចង់បានទៀត ។ អរគុណអូនដែលមានវត្តមានលើផែនដីនេះ ។ អរគុណមេឃដែលឱ្យពួកយើងបាននៅជាមួយគ្នា» ៕