ស្ទើរមិនគួរឱ្យជឿ! ទើបបើកបង្ហាញមានជំងឺមហារីក ១ ខែមុនសោះ ស៊ិន ឧត្តមផល្លា លាអ្នកគាំទ្រទៅគ្មានថ្ងៃត្រឡប់
កាលពីចុងខែមេសា ឆ្នាំ ២០២១ កន្លងមក មហាជនអ្នកគាំទ្រ មិត្តភក្តិក្រៅ និង ក្នុងរង្វង់សិល្បៈ ហាក់មានការស្លុតចិត្តយ៉ាងខ្លាំង ក៏ព្រោះតែតារាចម្រៀង ស៊ិន ឧត្តមផល្លា បានបង្ហាញរូបភាពជាច្រើនសន្លឹកដែលនាងកំពុងគេងស្តូកស្តឹងនៅក្នុងមន្ទីរពេទ្យ និង បង្ហើបថាកំពុងរស់នៅជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ ដោយកន្លងមកនាងធ្លាប់បានព្យាបាលដោយកាបាញ់គីមីប្រមាណជា ៣៥ ដង មកហើយ ក៏បានធូរស្បើយវិញ ប៉ុន្តែទើបតែបាន ២ ខែ ជំងឺមហារីកនេះបានរាលដាលទៅដល់ខួរក្បាលរបស់នាង ។
យ៉ាងណាមិញ រយៈពេលត្រឹម ១ ខែគត់ ពោលគឺចាប់ពីថ្ងៃប្រកាសជាសាធារណៈពីអាការជំងឺរបស់ខ្លួន រហូតមកដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ អតីតតារាស្រីពេញនិយមខាងលើនេះបានទទួលមរណភាព លាក្រុមគ្រួសារ មិត្តភក្តិ អ្នកគាំទ្រគ្មានថ្ងៃត្រឡប់ហើយ ។
ដំណឹងនេះ បានធ្វើឱ្យមហាជន មិត្តភក្តិ មានការសោកស្តាយយ៉ាងខ្លាំងដល់អតីតតារាស្រីខាងលើនេះ លើសពីនោះ គឺអាណិតកូនៗដែលត្រូវរស់នៅកំព្រាម្តាយ ៕