ទំនងទប់មិនជាប់ រ៉ូលីន បង្ហោះសារផ្លែផ្កាឱ្យបុគ្គលខ្លះ តាំងខ្លួនស្អាតផុតគេ ធ្វើដូចមានតែឯង
មហាជននិយមតាមដានការងាររបស់តារាប្រុស ដែលតែងតែតុបតែងខ្លួនជានារី រ៉ូលីន ប្រាកដជាបានដឹងមកហើយថា តារារូបនេះ ហាក់មានទីផ្សារយ៉ាងច្រើនលើវិថីសិល្បៈ ។ ក្នុងនោះ រ៉ូលីន មានជំនាញធ្វើជាពិធីករ សម្តែង និង ច្រៀងបាន ដោយអាចធ្វើជាតួប្រុសក៏បាន ស្រីក៏បានទៀតផង ។
ចំណុចខាងលើនេះហើយ ធ្វើឱ្យ រ៉ូលីន ហាក់ត្រូវបានជួបនឹងមនុស្សជាច្រើន មិនថាមិត្តរួមសិល្បៈ ឬ បុគ្គលដែលមានមុខងារផ្សេងៗនៅក្នុងសង្គម បន្ទាប់ពីបោះជំហានប្រឡូកក្នុងពិភពសិល្បៈយ៉ាងក្រាស់ក្រែលនាពេលកន្លងមកនេះ ។
យ៉ាងណាមិញ ធ្លាប់តែបង្ហាញភាពរីករាយកំប្លុកកំប្លែងស្ទើគ្មានលស់ថ្ងៃលើបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែថ្មីៗនេះ តារាពហុជំនាញខាងលើនេះ ហាក់ទប់មិនជាប់នូវចំណុចមួយរហូតធ្វើឱ្យខ្លួនបង្ហោះសារ នៅលើគណនីហ្វេសប៊ុក ដោយហាក់រៀបរាប់ពីបុគ្គលមានអំនួតលើខ្លួនឯង ។
សារនោះ រ៉ូលីន បានរៀបរាប់ថា «អ្នកខ្លះសាច់ដុំធំបន្តិច six pack សឹងមើលមិនឃើញ និយាយថាពីខ្មឺត អ្នកណាក៏ញែខ្លួន អ្នកណាក៏ crush ខ្លួន ធ្វើប៉ះអីតិចថាគេចាប់អារម្មណ៍លើខ្លួន ខ្ញុំដឹងថាស្អាតហើយ តែមិនមែន Lee Minho ទេណា ហើយក៏មិនមែន ទេព រិន្ទដារ៉ូ ដែរ ! អីក៏មានមោទកភាពលើខ្លួនឯងម្ល៉េះ ? ខ្ញុំដើរច្រើនប្រទេសហើយ ហើយក៏ដើរជាមួយមនុស្សស្អាតៗជាងអ្នកឯងដប់ដង បើឱ្យខ្ញុំប្រៀបធៀបវិញមិនដឹងថា តើគួរប្រៀបធៀបអ្នកជាមួយស្អីបានសមទេ ? អូនឹកឃើញហើយ មុខដូចឈើគូសមុខ» ៕