ពុទ្ធោ! តាមពិតជំងឺមហារីក ស៊ិន ឧត្តមផល្លា បានវះកាត់សឹងតែជាដាច់ម្ដងទៅហើយ តែបែរជារាលស៊ីដល់ខួរក្បាល
ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបរួចមកហើយពីដំណឹងមរណភាពដ៏ក្រៀមក្រំបំផុតរបស់តារាចម្រៀងជើងចាស់ អ្នកនាង ស៊ិន ឧត្តមផល្លា ដែលបានស្លាប់ដោយសារជំងឺមហារីកនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ ។
វាហាក់ដូចជាលឿនខ្លាំងពេកសម្រាប់អ្នកសិល្បៈ ក៏ដូចជាមហាជនទាំងមូលដែលភ្លាមៗទទួលបានដំណឹងនៃការស្លាប់បាត់បង់ជីវិតរបស់តារាចម្រៀង ស៊ិន ឧត្តមផល្លា ព្រោះថាអ្នកនាង ទើបតែដាច់ចិត្តបើកបង្ហាញពីជំងឺរបស់ខ្លួនកាលពីប្រមាណ ១ ខែមុនប៉ុណ្ណោះ ហើយស្រាប់តែពេលនេះ អ្នកនាងបានលាចាកលោកគ្មានថ្ងៃវិលត្រលប់ទៅហើយ ។
ពិតណាស់តាមការបញ្ជាក់របស់សារព័ត៌មាន Fresh News បានឱ្យដឹងថាកន្លងមក អ្នកនាង ស៊ិន ឧត្តមផល្លា មានជំងឺមហារីកកូនកណ្ដុរនៅនឹងក ហើយក្រោយមកអ្នកនាងក៏បានទៅមន្ទីរពេទ្យដើម្បីពិនិត្យ គ្រូពេទ្យក៏ប្រាប់ថានេះគឺជាដុំសាច់មហារីក ហើយកាលនោះតារាចម្រៀងខាងលើក៏ទទួលការវះកាត់ដុំសាច់នោះចេញដោយជោគជ័យសឹងតែអាចនិយាយបានថាជាសះស្បើយទទួលបានសុខភាពល្អធម្មតាត្រលប់មកវិញហើយ ។
រំលងមិនប៉ុន្មាន អ្នកណាទៅស្មានដល់ថា ដុំសាច់មហារីកនោះបានជាពីកន្លែងចាស់ ហើយទៅកើតនៅកន្លែងថ្មីស៊ីដល់ខួរក្បាល និង បានវិវត្តន៍ទៅជាមហារីកក្នុងខួរក្បាលធ្ងន់ធ្ងរ ទើបបណ្ដាលឱ្យតារាចម្រៀង ស៊ិន ឧត្តមផល្លា ទ្រាំទ្រលែងបានក៏ទទួលមរណភាពនៅព្រឹកថ្ងៃទី ២៨ ឧសភា នេះតែម្ដង ៕