Aff ដាច់ចិត្តទម្លាយមូលហេតុពិត ក្រោយមហាជនឆ្ងល់ច្រើនពេក រឿងផ្លាស់ប្តូរចរិត
ជាទូទៅប្រិយមិត្តដែលស្រឡាញ់តាមដានជីវិតអ្នកសិល្បៈថៃប្រាកដជាបានជ្រាបច្បាស់ហើយថា តារាសម្ដែង Aff Taksaron ធ្លាប់ជួប្រទះជីវិតគ្រួសារបែកបាក់ ដែលធ្វើឱ្យនាងស្ពាយឈ្មោះជាមេម៉ាយកូនមួយ រស់នៅពោរពេញដោយភាពឈឺចាប់ ខូចចិត្តអស់មួយរយៈធំទម្រាំតែមកដល់ពេលនេះ នាងអាចត្រលប់មករឹងមាំ ហើយងាកមកចាប់ផ្ដើមជីវិតពីរនាក់កូនស្រីសាជាថ្មី ។
ខណៈការក្រៀមក្រំពីជីវិតអាពាហ៍ពិពាហ៍មិនសមប្រកប ចាប់ផ្ដើមរសាយចេញពីឆាកជីវិតបន្តិចម្ដងៗ តារាសម្ដែង Aff Taksaorn ក៏ចាប់ផ្ដើមងាកមកមើលថែខ្លួនឯង ដោយការតុបតែងខ្លួនស្អាតប្លែកសឹងតែគ្រប់ពេល ជាពិសេសពេលនាងរំលេចខ្លួនចូលរួមក្នុងកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈ Aff តែងធ្វើឱ្យមនុស្សជុំវិញខ្លួន តាមសម្លឹងពីភាពទន់ភ្លន់ ចរិតសុភាពរម្យទមរបស់នាងមិនដាក់ភ្នែកឡើយ ។
យ៉ាងណាមិញ កន្លងមកធ្លាប់តែឃើញអ្នកម៉ាក់រូបស្រស់ Aff តុបតែងខ្លួនបែបសុភាពៗ ស្រាប់តែថ្មីៗនេះ គេសង្កេតឃើញ អ្នកមេម៉ាយខាងលើហាក់ធុញទ្រាន់នឹងស្ទីលដដែលៗ បែរមកផាត់មុខបែបកាចៗ ចំណែកការស្លៀកពាក់ ក៏ដូចជាកាយវិការ ការលេងទឹកមុខពេលថតរូបម្ដងៗ មើលទៅប្លែកខុសពីនាងពីមុនឆ្ងាយណាស់ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះ គឺការនិយាយស្ដីរបស់នាង ។
កន្លងមកមហាជនសុទ្ធតែបានដឹងមកហើយថា Aff មិនមិនមែនជាមនុស្សនិយាយច្រើនប៉បាច់ប៉បោចអ្វីឡើយ តែបច្ចុប្បន្នគេហាក់បីជាប្លែកចិត្ត មិនដឹងថាមានកត្តាអ្វីដែលធ្វើឱ្យនាងផ្លាស់ប្ដូរអត្តរិចលឿនបានបែបនេះទាំងវាមិនមែនជាអ្វីដែលនាងធ្លាប់មានពីមុនសោះ ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ តារាស្រី Aff បានឡើងធ្វើបទសម្ភាសក្នុងកម្មវិធីមួយហើយក៏បានបង្ហើបមូលហេតុដែលមហាជនតែងតែឆ្ងលអំពីនាង ដោយក្នុងនោះនាង បាននិយាយថា តាមពិតទៅកត្តាដែលជំរុញឱ្យនាង ផ្លាស់ប្ដូរមកជាមនុស្សនិយាយលេងសើចច្រើនគឺ ដោយសារតែកូនស្រីរបស់នាងនេះឯង ព្រោះថាចរិតកូនស្រីរបស់នាងចូលចិត្តសម្ដែងចេញក្លាហាន ហ៊ាននិយាយ ចូលចិត្តសប្បាយ ដូចនេះ ហើយបានជានាងត្រូវសម្របតាម។ ណាមួយទៀតនោះ ឥឡូវនេះ នាងក៏ធ្វើការជាពិធីករផង ដូច្នេះ ត្រូវតែនិយាយឱ្យបានច្រើនដែរ៕