តារាសម្តែងវ័យក្មេង ៦ ដួងនេះ សម្រស់ធម្មជាតិល្អឥតខ្ចោះ សមត្ថភាពសិល្បៈកាន់តែអស្ចារ្យ
ជាការពិតណាស់ នាពេលបច្ចុប្បន្នវិស័យខ្សែភាពយន្តក្នុងប្រទេសកម្ពុជាកំពុងតែបោះសន្ទុះជាបន្តបន្ទាប់ ដោយជាហេតុធ្វើឱ្យសិល្បករ-ការិនីជំនាន់ថ្មីជាច្រើនកំពុងចាប់ផ្តើមរីករាយស្គុះស្គាយលើវិថីសិល្បៈ ។ ក្នុងនោះដែរ សូម្បីតែតារាសម្តែងពន្លកថ្មីវ័យក្រោម ១០ ឆ្នាំ ក៏កំពុងតែរះព្រោងព្រាតសុទ្ធសឹងតែមានសម្ថភាពទៀតផង ។
តួយ៉ាង បច្ចុប្បន្ននេះដែរ មហាជននិយមទស្សនាខ្សែភាពយន្តភាគតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ក៏កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវតារាសម្តែងពន្លកថ្មីចំនួន ៦ ដួង ដោយមានវ័យប្រមាណជា ៨ ឆ្នាំ ដល់ ១២ ឆ្នាំ ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ។ ក្នុងនោះ តារាសម្តែងស្រីក្មេងខ្ចីទាំង ៦ ដួង នេះ គឺពិតជាមានសម្ថភាពខ្លាំងក្នុងការសម្តែងតាំងពីកុមារភាព មិនចាញ់រៀមច្បងនោះឡើយ ។
១- ព្រះនាងតូច នរោត្តម ចេនណា
វ័យទើបតែ ៩ ព្រះវស្សា តែព្រះនាងតូច នរោត្តម ចេនណា បានឆក់យកបេះដូងអ្នកគាំទ្រក្មេងចាស់ប្រុសស្រីមិនតិចនោះទេ ក៏ព្រោះតែទេពកោសល្យសម្ថភាពរបស់ព្រះនាងតូច ។ ក្នុងនោះ មិនត្រឹមតែមានជំនាញផ្នែកចម្រៀង តន្ត្រី និង របាំ នោះឡើយ ព្រះនាងតូច នរោមត្តម ចេនណា ក៏មានរាជវត្តមានក្នុងរឿងភាគបុរាណខ្មែរមួយចំនួនផងដែរ ដោយពេលកន្លងមកនេះ ព្រះនាងតូច បានសម្តែងក្នុងរឿង «ទេពធីតាថ្កុលមាស» រឿង «នគរមាស» និង ខ្សែភាពយន្ត «Red Wall» ។
២- កុមារី កែវ ទិត្យផល្លី
កុមារី កែវ ទិត្យផល្លី មានវ័យ ១១ ឆ្នាំ បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ដោយបោះជំហានក្នុងការប្រកួត The Voice Kids Cambodia ។ បើទោះមិនទទួលបានលទ្ធផលល្អក៏ពិតមែនក្នុងការប្រកួត តែបច្ចុប្បន្នកុមារីរូបនេះ ត្រូវបានមហាជនចាស់ក្មេងបានស្គាល់នូវទឹកដមសំឡេងរបស់នាងតូចតាមរយៈការ Cover បទចម្រៀងជាច្រើនបទ ។ កុមារី កែវ ទិត្យផល្លី ក៏បានសម្តែងភាពយន្តបានជាច្រើនដែរ ដោយក្នុងនោះនាងពិតជាមានទេពកោសល្យ ព្រមទាំងសម្តែងយ៉ាងល្អឥតខ្ចោះ ។
៣- កុមារី សារាពេជ្ញ ម៉ានីកា
កុមារី សារាពេជ្ញ ម៉ានីកា បានចូលប្រឡូកសិល្បៈតាំងពីអាយុ ៣ ឆ្នាំ មកម្ល៉េះ ហើយបច្ចុប្បន្ននេះ នាងតូចមានអាយុ ៨ ឆ្នាំហើយ ។ អាចចាត់ទុកថាមានវ័យក្មេងខ្ចីលើវិស័យភាពយន្ត កុមារី សារាពេជ្ញ ម៉ានីកា ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការបង្ហាញទេពកោសល្យសម្តែងក្នុងខ្សែភាពយន្តជាច្រើន ហើយភាគច្រើននាងតូចមានជំនាញផ្នែកសម្រក់ទឹកភ្នែកតែម្តង ។
៤ – កុមារី រ៉ាស៊ីលី ខារីសា
កុមារី រ៉ាស៊ីលី ខារីសា មានវ័យអាយុ ៩ ឆ្នាំហើយ ដោយភាគច្រើនមហាជនបានស្គាល់នាងតូចច្បាស់ក្នុងរឿង «ទេពធីតាព្កុលមាស» ដោយ ខារីសា បានសម្តែងជាតួអង្គឆ្នាស់ឆ្នើមយ៉ាងស្ទាត់ជំនាញ ។ នាងតូច រ៉ាស៊ីលី ខារីសា ក៏អាចសម្តែងជាតួអង្គស្លូតបូតបានផងដែរ ។
៥ – កុមារីភ្លោះ ចរណៃ និង ចិន្តា
កុមារីភ្លោះ វ័យ ១២ ឆ្នាំ ចរណៃ និង ចិន្តា បានបោះជំហានចូលសិល្បៈដំបូងក្នុងការប្រកួតកម្មវិធី The Voice Kids និង Cambodia’s Got Talent ជាដើម ។ បើទោះជាមិនទទួលបានជ័យលាភី ប៉ុន្តែតារាពន្លកខ្ចី ២ នាក់បងប្អូនភ្លោះនេះ ក៏តែងតែបង្ហាញវត្តមានលើឆាកតន្ត្រីជាញឹកញាប់ ។ លើសពីនោះ ថ្មីៗនេះ អ្នកនទាំងពីរក៏បានបោះជំហានចូលវិស័យភាពយន្តផងដែរ ៕