Step ដាក់មួយសំណួរចំៗ បង្ហោះឡើងក្នុងហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រនៅមិនស្ងៀម
មិនត្រឹមតែជាតារាចម្រៀងយុវ័យល្បីឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈខ្មែរ ប៉ុណ្ណោះទេ លោក Step ក៏ត្រូវបានមហាជនស្គាល់ថាជាតារាប្រុសម្នាក់ដែលមានរូបសម្បត្តិល្អ មុខមាត់ស្រស់ស្អាត ប្រៀបដូចតារាកូនកាត់កូរ៉េ ដែលអាចឆក់បានចិត្តអ្នកគាំទ្រខ្មែរមិនស្ទើរនោះទេ ។
ជាពិសេស តារាប្រុសរូបនេះ តែងធ្វើឱ្យអ្នកគាំទ្រគួចចិត្តលួចបេតី ក្នុងនោះអ្នកគាំទ្រម្នាក់ៗតែងប្រាថ្នាចង់បានលោក មកធ្វើជាគូគ្រងសឹងតែគ្រប់គ្នា ដោយហេតុលោក Step មានរូបសង្ហា ប្រាជ្ញាវៀងវៃ សម្ដីបាន ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បាញល្បី ជាដើម ។
យ៉ាងណាមិញ ថ្មីៗ ហាក់ធ្វើឱ្យអ្នកគាំទ្រនៅមិនស្ងៀមទប់អារម្មណ៍សឹងមិនបាន បន្ទាប់ពីតារាប្រុសរូបសង្ហាដូចកូរ៉េម្នាក់នេះបានចេញមកដាក់សំណួរចាក់ដោតមួយក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានចោទសួរ ព្រមទាំងភ្ជាប់ជាមួយស្ទិកគ័របេះដូងពណ៌ក្រហមតំណាងឱ្យក្ដីស្នេហាថា «តើ Fan & Idol អាចស្រឡាញ់គ្នា បានអត់?» ។
ទន្ទឹមនឹងនោះដែរ ក្រោយពីលោកបង្ហោះសារបែបនេះហើយ គេក៏ឃើញថាមានអ្នកគាំទ្រជាច្រើនភ្លូកទឹកភ្លូកដីចូលទៅខមមិន និយាយផ្លែផ្កាសារភាពស្នេហ៍ទៅកាន់លោក ។ លើសពីនេះ លោក Step ក៏បានចូលទៅឆ្លងឆ្លើយលេងជាមួយហ្វេនៗរបស់ខ្លួនផងដែរថា «សង្ស័យលង់ស្នេហ៍អ្នក Comment ដឹង!!» ។ ជុំវិញការឆ្លងឆ្លើយទៅវិញទៅមកនេះ ពិតធ្វើឱ្យអ្នកគាំទ្រក្រឺតក្នាញ់លោកមិនស្ទើរទេ ៕