ស្មានមិនដល់ ព្រោះតែរឿងមួយនេះ Anne និង Diana Flipo រាប់អានគ្នាក្លាយជាបងប្អូនល្អ
រយៈពេលជាង ២០ ឆ្នាំហើយដែលតារាសម្ដែងស្រីថៃជួរមុខ Anne Thongprasom ប្រឡូកក្នុងវិស័យសិល្បៈ ដោយពេលនេះនាងប្រែក្លាយជាអ្នកសម្ដែងរហូតធ្វើជាអ្នកដឹកនាំរឿងទៀតផង ។
ច្រើនឆ្នាំមកនេះ អាចនិយាយបានថា Anne Thongprasom គឺជារៀមច្បងដ៏ពូកែ មានទាំងទេពកោសល្យ ប្រជាប្រិយភាព និង បទពិសោធក្នុងវិស័យសិល្បៈ ធ្វើឱ្យសិល្បករ សិល្បការិនីស្រករក្រោយៗជាច្រើនគោរពស្រឡាញ់ ។
ក្នុងចំណោមអ្នកសិល្បៈស្រករក្រោយជាច្រើន ក្នុងនោះគេឃើញតារាសម្ដែងស្រីរូបស្រស់ Diana Flipo ក៏បានបង្ហាញពីការគោរពស្រឡាញ់ចំពោះរៀមច្បងម្នាក់នេះខ្លាំងមិនធម្មតាផងដែរ ចំណែក Anne វិញ ក៏មើលទៅពេញចិត្តចំពោះ Diana ចាត់ទុកនាងដូចប្អូនស្រីម្នាក់ ។
ជារឿយៗគេសង្កេតឃើញមិនថា Anne ឬ Diana ទេ ឧស្សាហ៍បង្ហោះរូបរបស់ពួកគេទាំងពីរនៅលើគណនីអ៊ីនស្រ្តាក្រាមណាស់ ពោលគឺរាល់ពេលពួកគេជួបគ្នា អ្នកទាំងពីរតែងថតរូប និង បង្ហោះបង្អួតអ្នកគាំទ្រមិនសូវខាននោះទេ ។
ដោយឧស្សាហ៍ឃើញតារាស្រីល្បីឈ្មោះដែលជារៀមច្បង និង សិស្សប្អូនក្នុងសិល្បៈមួយគូនេះ ទៅណាមកណាជាមួយគ្នាញឹកញាប់ ធ្វើឱ្យអ្នកគាំទ្រឆ្ងល់ថាពួកគេមានទំនាក់ទំនងអ្វីនឹងគ្នា ។ តាមពិតពួកគេមិនបានជាប់សាច់ញាតិនឹងគ្នាសូម្បីបន្តិច ប៉ុន្ដែក្រោយ Diana ថតរឿងប៉ះចំខ្សែភាពយន្តដែល Anne ជាអ្នកដឹកនាំ ចាប់តាំងពីពេលនោះពួកគេក៏ស្និទ្ធស្នាលខ្លាំង ហើយថែមទាំងរាប់អានគ្នាដូចបងប្អូនទៀតផង ៕