ទៅមើលគ្រឿងអលង្ការ តារាស្រីកូរ៉េ ៥ រូបនេះធ្លាប់ពាក់ មានតម្លៃស្មើផ្ទះវីឡាទោល
ដូចប្រិយមិត្តបានជ្រាបខ្លះមកហើយថា តារាស្រីកូរ៉េភាគច្រើន ទាំងជើងចាស់ ជើងថ្មី សុទ្ធសឹងតែជាចូលចិត្តតែងខ្លួនហាយសូរ ជាពិសេសពេលឡើងឆាក គឺពោរពេញទៅដោយគ្រឿងអលង្ការប្រណីតតម្លៃរាប់ម៉ឺនដុល្លារ ក្បែរលានក៏មាន ពាក់ស្រោចចែងចាំងទាំងតួ ។
គ្រឿងអលង្ការទាំងនោះ ចំពោះតារាខ្លះ ក៏មានក្រុមហ៊ុនប្រ៊េនធំៗល្បីៗជាអ្នកឧបត្ថម្ភឱ្យ តែតារាខ្លះវិញ គឺបានដកលុយសុទ្ធរបស់ខ្លួន ទិញមកពាក់បង្អួតឱ្យអ្នកគាំទ្រឱ្យគ្រវីក្បាលហ៊ាទឹកមាត់ ដោយនឹកស្ងើចទៅនឹងតម្លៃ និង ភាពស្រស់ស្អាតចែងចាំងរបស់វា ។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ទស្សនិកជន ឱ្យមកស្គាល់តារាស្រីកូរ៉េទាំង ៥ ដួង ដែលធ្លាប់ពាក់ឈុតអលង្ការថ្លៃបំផុត មកជូនជាការរំសាយអារម្មណ៍ ។
១.នាង Kim Jennie សមាជិក BlackPink
ខ្សែកទម្រង់ជាច្រវ៉ាក់មួយខ្សែដែលនាងបានពាក់នៅក្នុងឆាកមួយក្នុងបទ «How You Like That» នេះ មានតម្លៃរហូតដល់ ៧៧ ៧០០ ដុល្លារ ហើយវាបានធ្វើឡើងពី មាស-ស និង ពេជ្រ ១៨ ការ៉ាត់ ។
២.នាង Bae Irene សមាជិក Red Velvet
ស្រីស្អាតរាងតូចសាច់ចាំម្នាក់នេះ បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសបិទមាត់អត់សរសើរមិនបានឡើយ នៅពេលដែលនាងបានពាក់ខ្សែកពេជ្រមួយឈុតឡើងកម្មវិធីទទួលរង្វាន់មួយនាកន្លងទៅ ពោលគឺវាមើលទៅសមឥតខ្ចោះនៅលើសាច់ដ៏សមដ្ឋខ្ចីរបស់នាងតែម្តង ដោយតម្លៃវិញត្រូវបានគេទម្លាយថា មានតម្លៃរហូតដល់ ២៣២ ០០០ ដុល្លារឯណោះ ។
៣.នាង Joy សមាជិក Red Velvet
ស្រីស្រស់កម្ពស់បានឯណេះវិញ ក៏មិនធម្មតាដែរ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីរបស់ខ្លួនរួចស្រេច នាងក៏បានផុសរូបមួយសន្លឹកបង្អួតសម្រស់របស់ខ្លួនតាមធម្មតា តែអ្វីដែលទាក់ភ្នែកបន្ទាប់ពីសម្រស់នាងនោះគឺខ្សែកចែងចាំងមួយខ្សែនៅលើ-កនាងទៅវិញទេ ហើយមួយខ្សែតូចនេះ មានតម្លៃរហូតដល់ ៣៧៤ ៣៦៤ ដុល្លារ ។
៤.នាង Jessica Jung អតីតសមាជិក Girls’ Generation
រូបថតរបស់មួយសន្លឹកនេះ មើលទៅពិតជាធម្មតាសាមញ្ញស្រស់ស្អាត តែអ្វីដែលមិនធម្មតានោះគឺអលង្ការមួយឈុតនៅលើខ្លួនរបស់នាង ដែលមានទាំងខ្សែ-ក និង ខ្សែដៃ ចិញ្ចៀន ដែលមានតម្លៃសរុបរហូតដល់ ៨២៤ ៧០០ ដុល្លារឯណោះ ។
៥. នាង ROSE សមាជិក BlackPink
នារីផ្អែមទាំងសំឡេង និង មុខមួយនេះ ត្រូវបានគេឃើញបង្ហាញខ្លួននៅគម្របទស្សនាវដ្តីដ៏ល្បីមួយរបស់កូរ៉េ ជាមួយនឹងគ្រឿងអលង្ការស្រោចស្រពពេញខ្លួន មានទាំងខ្សែ-ក កងដៃ ខ្សែដៃ និង ចិញ្ចៀន មើលទៅមានម៉ូដប្លែកភ្នែកមិនធម្មតាឡើយ ។ ចំណែកតម្លៃវិញញាក់សាច់តែម្តង ចំពោះខ្សែ-កមួយខ្សែ គឺត្រួសៗមានតម្លៃ ៨៨៥ ០០០ ដុល្លារ និង មួយខ្សែទៀត ៤៣៤ ០០០ ដុល្លារ ចិញ្ចៀនពេជ្រសមួយវង់ ៤.៧ លានដុល្លារ ព្រមទាំងខ្សែដៃ ២៣៦ ០០០ ដុល្លារ ។