មិននឹកស្មាន នៅពីក្រោយស្នាមញញឹម តារាល្បីទាំងនេះ ធ្លាប់មានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ
ជាការពិតណាស់ មហាជនទូទៅជាច្រើនប្រាកដជាធ្លាប់បានដឹងមកហើយពីជំងឺបាក់ទឹកចិត្ត ឬ Depression ដែលជាអាការមួយខុសប្លែកពីភាពក្រៀមក្រំ និង ស្ត្រេស ។ បើសង្កេតមកមើលមជ្ឈដ្ឋានទូទៅនៅពេលបច្ចុប្បន្ន ជំងឺនេះកំពុងតែកើតមានឡើងលើមនុស្សគ្រប់រូប គ្រាន់តែបុគ្គលខ្លះបានបង្ហាញអារម្មណ៍នេះជាសាធារណៈ និង ខ្លះទៀតលាក់ទុករហូតធ្វើឱ្យឃាតកលាក់មុខនេះសម្លាប់ពួកគេថែមទៀតផង ។
បើក្រឡេក មកមើលសិល្បករ-ការិនី ល្បីឈ្មោះនៅលើវិថីសិល្បៈប៉ុន្មានរូបខាងក្រោមនេះវិញ បានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់ពួកគេ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះទន្ទឹមនឹងភាពជោគជ័យ ស្នាមញញឹមលើវិថីសិល្បៈ ពួកគេក៏កំពុងតែជួបប្រទះជំងឺបាក់ទឹកចិត្តផងដែរ ។ លើសពីនោះ សិល្បករ-ការិនី ខាងក្រោមនេះ ក៏មានភាពក្លាហានបង្ហាញការពិតពីជំងឺមួយនេះដល់មហាជន ។
១- តារាចម្រៀង Nikki Nikki
តារាចម្រៀង Original Song កញ្ញា Nikki Nikki បានដាច់ចិត្តទម្លាយពីជំងឺបាក់ទឹកចិត្តរបស់ខ្លួនកាលពីអំឡុងឆ្នាំ ២០១៨ ដោយនាងបានឱ្យដឹងថា ជំងឺនេះធ្វើឲ្យនាងមិនចង់ធ្វើអ្វីទាំងអស់ ឃុំខ្លួនឯងនៅក្នុងបន្ទប់ ដើរលេងពេលយប់ចូលបារ និង ក្លឹប ជក់បារី ផឹកស្រា បណ្ដែតបណ្ដោតខ្លួនទៅតាមសមាជីវោរ មិនមើលថែទាំខ្លួនឯងនោះទេ ។ ទង្វើទាំងនេះមិនបានធ្វើឲ្យនាងជាសះស្បើយឡើយ ផ្ទុយទៅវិញ កាន់តែរីករាលដាលវៃលុកលើចិត្តគំនិត ព្រមទាំងគ្របដណ្ដប់ពេញទាំងអស់នៃរូបរាងកាយរបស់នាង រហូតដល់ធ្លាក់ដល់ដំណាក់កាលមួយ នាងមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯង ។ យ៉ាងណាក៏ដោយ ចុងក្រោយតារាចម្រៀងស្រីរូបនេះ បានយកឈ្នះនឹងជំងឺនេះបានដោយនាង បានលើកយកនូវដំណោះស្រាយឱ្យអ្នកមានជំងឺបាក់ទឹកចិត្ត ព្យាយាមចូលរួមនៅក្នុងសង្គមឲ្យបានច្រើន កុំឃុំខ្លួនឯងតែនៅក្នុងបន្ទប់ ពោលគឺត្រូវចែករំលែកគំនិត និង មតិយោបល់ ជាមួយក្រុមគ្រួសារ ដើម្បីឲ្យបានធូរស្បើយខ្លះនៅក្នុងចិត្ត ។
២- តារាចម្រៀង អាន គុណកូឡា
ថ្មីៗនេះ តារាចម្រៀងប្រុស អាន គុណកូឡា ក៏ធ្លាប់បានបង្ហើបប្រាប់ពីមូលហេតុនៃការបាត់មុខមួយរយៈរបស់លោកក្នុងវិស័យសិល្បៈ កាលពីកំឡុងឆ្នាំ ២០១៨ មក ក៏ព្រោះតែជំងឺបាក់ទឹកចិត្ត ។ លោក អាន គុណកូឡា បានឱ្យដឹងថាលោកមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំអស់ ប៉ុន្តែពីដំបូងលោកពុំបានដឹងថាលោកកើតជំងឺមួយនេះទេ ពោលគឺពេលហ្នឹងរូបលោកប្រៀបដូចជាដើមឈើដែលខ្ពស់មួយដើម ដែលមានខ្យល់បក់បោកមកអ៊ីចឹង ជាពិសេសនៅពេលដែលលោកធ្លាក់ប្រជាប្រិយភាពជាងមុន លោកតែងលើកទឹកចិត្តខ្លួនឯងដោយពាក្យថា តស៊ូ តែវានៅមិនអាចឱ្យលោកយកឈ្នះវាបានហូតបាន ធ្វើឱ្យលោកមានអារម្មណ៍ថាលែងចង់ធ្វើជាអ្នកសិល្បៈបន្តទៀត ទោះបីជាមានការអញ្ជើញពីខាងកម្មវិធីផ្សេងៗ ក៏លោកតែងតែបដិសេធជានិច្ច ព្រោះតែមិនចង់ជួបអ្នកណាទាំងអស់ និង ធ្លាប់គិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯងទៀតក៏មានដែរ តែក្រោយមកលោកក៏បើកចិត្តខ្លះ ចេញទៅក្រៅជួបមនុស្សផ្សេងៗ ថ្មីៗជាច្រើន និង បានស្ដាប់ពាក្យសម្ដីការណែនាំ និង ពាក្យល្អៗ តាមរយៈកម្មវិធីលើកទឹកចិត្ត បានធ្វើឱ្យលោកអាចក្រោកឈរ និង ចាប់ផ្ដើមសាជាថ្មី រហូតដល់ថ្ងៃនេះ ។
៣- តារាចម្រៀង ចិត្ត កញ្ចនា
តារាចម្រៀង Original Song ចិត្ត កញ្ចនា ក៏ធ្លាប់បានប្រកាសបើកចំហហើយដែរ ពីជំងឹបាក់ទឹកចិត្តរបស់នាង ។ កាលនោះ នាងបានលើកឡើងមួយចំណុចពាក់ព័ន្ធពីរូបរាងរបស់នាងធាត់ ដែលធ្វើឱ្យផ្លូវចិត្តរបស់នាងកើតឡើងនូវជំងឺនេះ តែយ៉ាងណាក៏ដោយចុងក្រោយតារាស្រីរូបនេះ បានយកឈ្នះបញ្ហានេះ រហូតនាងបានធ្វើបទចម្រៀងជាច្រើនបទពីការបាក់ទឹកចិត្ត និង លើកទឹកចិត្តដល់អ្នកមានជំងឺនេះទៀតផង ។
៤- តារាចម្រៀង Adda
តារាចម្រៀង Original Song កញ្ញា Adda ក៏ទើបតែធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលណាស់ដែរ បន្ទាប់ពីពេលថ្មីៗនេះ នាងបានប្រកាសថាខ្លួនឱបនូវជំងឺបាក់ទឹកចិត្តជាច្រើនឆ្នាំមកហើយ ។ លើសពីនោះនាងកំពុងរបស់វិធីដោះស្រាយដោយជួបអ្នកចិត្តសាស្ត្រ និង ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាផងដែរ ។ ក្នុងនោះ តារាស្រីរូបនេះបានប្រកាសផ្អាកការងារមួយរយៈ ដើម្បីយកឈ្នះជំងឺនេះ ។
៥- តារាសម្តែង អេដវីន
តារាសម្តែងប្រុសសង្ហា អេដវីន ក៏ធ្លាប់បានរៀបរាប់ឱ្យដឹងមកហើយពីជំងឹបាក់ទឹកចិត្តរបស់លោកកាលពីកំឡុងឆ្នាំ ២០២០ កន្លងទៅនោះ ហើយមកដល់ពេលនេះ លោកក៏ហាក់នៅពាំជំងឺនេះនៅឡើយដែរ ។ លោក អេដវីន បានឱ្យដឹងថា ជំងឺបាក់ទឹកចិត្តរបស់លោកបានកើតឡើងដោយការរងសំពាធពីគ្រួសារ បងប្អូន ស្នេហា មិត្តភក្តិ និង កាងារ ជាដើម ។
៦- ទូច ស្រីល័ក្ខ
តារាចម្រៀង ទូច ស្រីល័ក្ខ ធ្លាប់បានបង្ហាញជាញយដងមកហើយពីអារម្មណ៍កើតឡើងដោយរឿងរ៉ាវលំបាកៗជាច្រើនក្នុងជីវិតរបស់អ្នកនាង ។ យ៉ាងណាមិញ ក្រោយរងទុក្ខអស់រយៈពេលជាយូរនោះ ទូច ស្រីល័ក្ខ បានបង្ហោះសារប្រាប់មហាជនជាសារធាណៈថានាងធ្លាប់មានជំងឺបាក់ទឹកចិត្តរហូតលេបថ្នាំព្យាបាលផងដែរ ។ មកទល់ពេលនេះ បើទោះជាបានជាសះស្បើយហើយក្តី តែអ្នកនាងធ្លាប់បានឱ្យដឹងថាអ្នកនាងហាក់មិនដូចពីមុនទេ ប៉ុន្តែអ្នកនាងនឹងព្យាយាមរកខ្លួនឯងឱ្យត្រឡប់មកវិញដូចពីមុន ៕