៦ ឆ្នាំហើយ ឈីន រតនៈ នៅចាត់ទុក ណុប បាយ៉ារិទ្ធ ក្នុងតំណែងមួយនេះដដែល
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា តារាចម្រៀងវ័យក្មេង ឈីន រតនៈ គឺជាតារាចម្រៀងដែលលេចពន្លកឡើងតាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ១ ដែលកាលនោះ រតនៈ បានជ្រើសយកតារាចម្រៀង ណុប បាយ៉ារិទ្ធ ធ្វើជាគ្រូបង្វឹក ។
បើគិតទៅមានរយៈពេល ៦ ឆ្នាំហើយចាប់តាំងពីមានទំនាក់ទំនងជាគ្រូ និង សិស្សមក ឈីន រតនៈ តែងបង្ហាញការគោរពស្រឡាញ់ចំពោះគ្រូបង្វឹករូបនេះជារឿយៗ ហើយបើទោះបីជាបច្ចុប្បន្ន នាងបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដូច ណុប បាយ៉ារិទ្ធ ក៏ដោយ តែមើលទៅក្នុងចិត្តតារាចម្រៀងស្រីវ័យក្មេងរូបនេះ នៅតែចាត់ទុកលោកជាគ្រូម្នាក់ដដែល ។
ពិតណាស់ គ្រូមួយថ្ងៃគ្រូមួយជីវិត ឈីន រតនៈ បានឆ្លៀតក្នុងឱកាសខួបកំណើត ណុប បាយ៉ារិទ្ធ បង្ហោះសារជូនពរថ្ងៃកំណើតលោកគ្រូរូបនេះយ៉ាងមានន័យបំផុត ហើយថែមទាំងប្រកាសក្ដែងៗដោយមិនលាក់លៀមទៀតថា លោកគឺជា idol ក្នុងដួងចិត្តរបស់នាង ។
ឈីន រតនៈ បានជូនពរលោកគ្រូថា «រីករាយថ្ងៃកំណើតលោកគ្រូ Nop Bayyareth សូមជូនពរលោកគ្រូសូមឱ្យមានសុខភាពល្អ មានសំណាងល្អ ជៀសផុតពីជំងឺទាំងឡាយ និង ជោគជ័យគ្រប់ភារកិច្ចការងារដែលត្រូវបំពេញ អរគុណដែលតែងផ្តល់ឱកាស ផ្តល់ដំបូន្មានល្អៗ តែងតែលើកទឹកចិត្តដល់សិស្សម្នាក់នេះរហូត អរគុណខ្លាំងណាស់ idol ក្នុងដួងចិត្ត» ៕