Nikki Nikki បង្ហាញរូបជុំគ្រួសារ តែបែរជាត្រូវអ្នកគាំទ្រចាប់អារម្មណ៍រឿងផ្សេងទៅវិញ
ក្រោយពីចូលប្រឡូកក្នុងវិស័យសិល្បៈប្រមាណជាង ១០ ឆ្នាំ មកនេះ តារាចម្រៀង Original Song កញ្ញា Nikki Nikki ហាក់មានសន្ទុះលឿនបំផុតក្នុងការទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ក៏ព្រោះតែការច្រៀងជាភាសាខ្មែរ-អង់គ្លេស ក៏ដូចជាសមត្ថភាព ចំណេះដឹងផ្សេងទៀតរបស់នាង ។
ដោយឡែកបើមើលមកជីវិតឯកជន ពោលគឺពាក់ព័ន្ធនឹងក្រុមគ្រួសារ ដោយមានដូចជា ឪពុកម្តាយ បងប្អូន វិញនោះ កញ្ញា Nikki Nikki ក៏ពុំសូវបង្ហាញជាសាធារណៈដល់មហាជននោះឡើយ ។ យ៉ាងណាមិញ ស្រាប់តែថ្ងៃទិវាបុណ្យឪពុក កាលពីថ្ងៃ ២០ ខែមិថុនា ឆ្នាំ ២០២១ កញ្ញា Nikki Nikki ក៏បានបង្ហោះរូបភាពជុំគ្រួសារចំនួន ៣ សន្លឹក នៅលើគណនីហ្វេសប៊ុកក៏ដូចជារៀបរាប់ជាច្រើនពីរឿងរ៉ាវឯកជនរបស់នាងកន្លងមក ដែលពុំសូវបង្ហាញវត្តមានក្រុមគ្រួសារដល់អ្នកគាំទ្រ ។
ក្នុងសារនោះ តារាចម្រៀងស្រអែមស្រស់ខាងលើនេះ បានរៀបរាប់នូវអត្ថន័យ និង ក្តីស្រឡាញ់ដ៏ខ្លាំងក្លារវាងនាង នឹង ក្រុមគ្រួសារ ។ លើសពីនោះ នាងក៏បានបង្ហាញពីការលះបង់ដ៏ធំធេងរបស់លោកឪពុករបស់នាង ដែលជាបុគ្គលសំខាន់មួយរបស់ប្រទេសជាតិទៀតផង ។
ស្របពេល មានការសរសើរយ៉ាងច្រើនពីសុភមង្គលរបស់កញ្ញា Nikki Nikki តាមរយៈសារដែលកញ្ញារៀបរាប់ ស្រាប់តែមានអ្នកគាំទ្រមួយរូបបែរជាចាប់អារម្មណ៍ នឹងរឿងផ្សេងទៅវិញ ពោលគឺអ្នកគាំទ្រមួយរូបចោទសំនួរសួរថា «អត់ឃើញមិត្តប្រុសបងចឹង» ភ្លាមនោះ Nikki Nikki ក៏បានតបថា «គាត់ គឺជាអ្នកកាន់កាមេរ៉ា» ។
ចម្លើយខាងលើនេះដែរ ក៏កាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែយល់ថា កញ្ញា Nikki Nikki គឺពិតជាមានភាពរីករាយខ្លាំងណាស់ហើយ ក៏ព្រោះតែនាងមានក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន នៅក្បែរហើយ ហើយក៏មានគូស្នេហ៍នៅតាមជិតទៀតផង ៕