ខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំ ភរិយារបស់ ស៊ុក សុភា សុំស្វាមីធ្វើរឿងសំខាន់មួយនេះឱ្យបាន
បើគិតមកដល់ពេលនេះ រយៈពេលជិត ១០ ឆ្នាំ មកហើយ ដែលតារាសម្តែងលោក ស៊ុក សុភា បានចាកចេញពីប្រទេសកម្ពុជាទៅសាងគ្រួសារជាមួយនឹងភរិយាយ៉ាងមានសុភមង្គល នៅឯប្រទេសអូស្ត្រាលី ។ លើសពីនោះ ក្រោយពីចាកចេញមាតុប្រទេសហើយ តារាប្រុសរូបនេះ ហាក់ទទួលបានភាពជោគជ័យក្នុងជីវិតគូ ក៏ដូចជាមុខជំនួយទៀតផង ។
ជារឿយៗ អតីតតារាសម្ដែងរូបសង្ហាខាងលើ តែងតែបង្ហោះរូបថតបង្ហាញពីសកម្មភាពនៃការរស់នៅក្រៅប្រទេសនោះពោរពេញដោយភាពសម្បូរហ៊ឺហារ រស់នៅផ្ទះផ្ទាល់ខ្លួន ជិះរថយន្តទំនើបៗ ប្រើប្រាស់របស់របរថ្លៃ បង្ហោះនៅលើគណនីហ្វេសប៊ុកចែករំលែកក្តីនឹករឭកដល់អ្នកគាំទ្រជានិច្ច ។
តួយ៉ាង នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ បើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់ភរិយាលោក សុក សុភា បានឱ្យដឹងគឺជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំ របស់អ្នកទាំង ២ ហើយ ។ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមឃើញថាប្តីប្រពន្ធរបស់លោករស់នៅពោរពេញដោយសុភមង្គលនោះ ក៏ព្រោះតែភរិយាលោក ស៊ុក សុភា បានលើកឡើងថា លោក គឺជាមនុស្សបន្ទាប់ពីឪពុកដែលធ្វើរឿងម្យ៉ាងដល់នាង ។
សារមានអត្ថន័យនោះ ភរិយាលោក ស៊ុក សុភា បានរៀបរាប់ថា «Happy 9th Wedding Anniversary to my hubby Souk Sorphea ។ ពេលវេលាពិតជាដើរទៅមុខលឿនមែន យប់ថ្ងៃ ថ្ងៃយប់ជិត ១០ ឆ្នាំបាត់ ! រវល់ពេកចង់ភ្លេចថ្ងៃពិសេសទៀត ។ ទោះជាយ៉ាងណា អូនគ្រាន់តែចង់ប្រាប់ថា បងជាបុរសទី ១ ដែលរស់នៅក្នុងជីវិតអូនបានយូរបន្ទាប់ពីប៉ាអូន ដូច្នេះសង្ឃឹមថាបានយូរអ៊ីចឹងរហូតទៅ សុំតែប៉ុណ្ណឹងទេ សង្ឃឹមថាបងធ្វើបាន» ៕