ស្ពាយឈ្មោះមេម៉ាយបេះដូងទំនេរ ១០ ឆ្នាំ សុខ ស្រីនាង ធ្វើឱ្យអ្នកគាំទ្រអន្ទះសារឿងនេះខ្លាំង
មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយ តារាចម្រៀងតូចច្រឡឹង សុខ ស្រីនាង នៅលើវិថីសិល្បៈ ដែលបានឈរឈ្មោះជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពក្នុងចំណោមតារាចម្រៀងស្រីផ្សេងទៀតជាច្រើន ។
គេបានដឹងដែរថា សុខ ស្រីនាង បានចាប់ផ្តើមក្លាយជាតារាចម្រៀងតាំងពីឆ្នាំ ២០០៥ រហូតកំឡុងឆ្នាំ ២០០៧ នាងមានសន្ទុះគាំទ្រខ្លាំងនៅក្នុងផលិតកម្ម KH Promotion ហើយបច្ចុប្បន្ន នាងកំពុងតែឈរជើងនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ។
ជាការពិត អ្នកគាំទ្រក៏បានដឹងហើយថា ទោះបីតារាស្រីចម្រៀងស្រីនិយមតែងខ្លួនបែបសុភាពរាបសាររូបនេះ បានទទួលជោគជ័យនៅលើវិថីសិល្បៈក៏ពិតមែន តែនាងបែរជាបរាជ័យនៅក្នុងរឿងស្នេហាទៅវិញ ពោលគឺកាលពីកំឡុងឆ្នាំ ២០១០ សុខ ស្រីនាង បានរៀបអាពាហ៍ពិពាហ៍នឹងមិត្តរួមផលិតកម្ម KH គឺលោក ស៊ី សុវត្ថិ បានប្រមាណជា ២ ឆ្នាំ ក៏សម្រេចចិត្តលែងលះគ្នា ព្រោះការរស់នៅមិនចុះសម្រុង ។ លើសពីនោះ រយៈពេលជិត ១០ ឆ្នាំទៅហើយ សុខ ស្រីនាង ក៏មិនទាន់រកឃើញម្ចាស់បេះដូងថ្មីនៅឡើយ ដើម្បីមកធ្វើជាគូនោះទេ ។
ចំណុចខាងលើដែល សុខ ស្រីនាង ឱបនាមជាមេម៉ាយអស់រយៈពេលជិត ១០ ឆ្នាំនេះ បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន ក៏ទន្ទឹងរង់ចាំអ៊ុតមើលថា តើពេលណាតារាស្រីនឹងមានគូស្នេហ៍ថ្មីស្អំបេះដូងរបស់នាង ៕