តារាបង្ហាញម៉ូដកូនកាត់ខ្មែរ ៤ រូប មានសម្រស់ទាក់ទាញមិនធម្មតា
វិស័យដើរម៉ូដក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយក្នុងនោះដែរតារាបង្ហាញម៉ូដកម្ពុជាជាច្រើនរូបក៏បានចាប់ផ្តើមបណ្តុះបណ្តាល ព្រមទាំងមានឱកាសក្នុងការចូលរួមលើឆាកអន្តរជាតិទៀតផង។
ម្យ៉ាងវិញទៀតតារាបង្ហាញម៉ូដរបស់ប្រទេសកម្ពុជាជាច្រើន ក៏មានឱកាសចាប់យកជំនាញផ្សេងៗទៀតផងដែរនៅក្នុងវិស័យសិល្បៈ ក្រៅពីការដើរម៉ូដ ព្រោះតែទេពកោសល្យ និង សម្រស់ស្រស់ស្អាតរបស់ពួកគេ ។
បើក្រឡេកមកមើលតារាបង្ហាញម៉ូដផ្នែកនារីជាកូនខ្មែរកាត់បរទេស ៤ រូប ដែលមានសម្រស់ស្រស់ស្អាតឯណេះវិញ ក៏តែងអង្រួនចិត្តមហាជនដោយទទួលបានប្រជាប្រិយក្នុងការលេចធ្លោលើឆាកបង្ហាញម៉ូដ ព្រមទាំងបានបង្ហាញសមត្ថភាពរបស់ខ្លួនជាច្រើនក្នុងវិស័យសិល្បៈផងដែរ ។
១) តារាបង្ហាញម៉ូដ Ruger Maiya-Saraya Matha ហៅ ម៉ៃយ៉ា
ម៉ៃយ៉ា ជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ កំពុងតែឆក់យកបេះដូងមហាជនជាច្រើន ព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលបច្ចុប្បន្នតារាម៉ូដែលរូបនេះក៏ទទួលបានទីផ្សារយ៉ាងច្រើនលើការថតផ្សាយពាណិជ្ជកម្ម សម្តែងរឿង និង ជាពិធីករផងដែរ ។
២) តារាបង្ហាញម៉ូដ Marianne Clais ហៅ សោម៉ា
សោម៉ា ជាកូនកាត់ខ្មែរ-បារាំង កំពុងលេចធ្លោយ៉ាងខ្លាំងទាំងវិស័យដើរម៉ូដ និង ខ្សែភាពយន្ត ។ តារាម៉ូដែលកូនកាត់វ័យ ១៧ ឆ្នាំរូបនេះធ្លាប់បានសម្តែងខ្សែភាពយន្តខ្លីមួយចំនួន និង ត្រៀមបន្តថតខ្សែរឿងជាច្រើនទៀតផងដែរ ។
៣) តារាបង្ហាញម៉ូដ នីន ម៉ាលីណែត
ម៉ាលីណែត ជាកូនកាត់ខ្មែរ-អាមេរិក ចាប់ផ្តើមមានប្រជាប្រិយខ្លាំងបន្ទាប់ពីនាងបានចូលរួមប្រកួតកម្មវិធី Cambodia Next Top Model ។ តារាម៉ូដែលរូបនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនលើរូបម្រស់ពណ៌សម្បុរខ្មៅបែបអឺរ៉ុបរបស់នាង ដែលធ្វើឲ្យនាងមានទីផ្សារលើឆាកបង្ហាញអន្តរជាតិ និង ក្នុងស្រុកជាច្រើនផងដែរ ។
៤) តារាបង្ហាញម៉ូដ Mélia Constantin
មិលៀរ ជាកូនកាត់ខ្មែរ-បារាំង ក៏កំពុងតែលេចធ្លោលើទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម។ តារាម៉ូដែលរូបនេះត្រូវបានទទួលការចាប់អារម្មណ៍ពីការបង្ហាញខ្លួនក្នុងឈុតប្រពៃណីរបស់សម្អាងការជាច្រើនផងដែរ៕