ចូលវ័យ ៤០ ឆ្នាំ កំពូលតារាហុងកុង Nancy Wu បារម្ភខ្លាចនៅលីវជារៀងរហូត
បើនិយាយអំពីអាជីពសិល្បៈរបស់តារាសម្ដែងហុងកុង Nancy Wu រឹតតែជោគជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់មានភាពមមាញឹកក្នុងការថតខ្សែភាពយន្ដរឿងរបស់ Shaw Brothers ក្រោយពីចាកចេញពី TVB ដែលជាទ្រនំចាស់ធ្លាប់រួមការងារជាមួយអស់ ១៨ឆ្នាំ។
តារាសម្តែងស្រីហុងកុងរូបនេះ ធ្លាប់បានទទួលពានរង្វាន់ជាច្រើន ក្នុងនោះទទួលបានពានជាតារាសម្ដែងស្រីឆ្នើម ក្នុងរឿង «A Fist within Four Walls» ក្លាយជាតួឯកស្រីដ៏មានប្រជាប្រិយភាពបំផុត ក្នុងវិស័យកម្សាន្តរបស់ហុងកុង។
ទោះបីជីវិតក្នុងអាជីពសិល្បៈរបស់ Nancy Wu ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប៉ុន្តែជីវិតស្នេហារបស់នាង ហាក់ដូចជាមិនទាន់សមបំណងនោះឡើយ។ ដោយធ្លាប់បរាជ័យក្នុងរឿងស្នេហាច្រើនលើកច្រើនសារ គ្មានទំនាក់ទំនងណាមួយដែលនាងអាចឆ្លងផុតទៅលើសពី ២ ឆ្នាំនោះទេ។
ឈានចូលវ័យ ៤០ ឆ្នាំក្នុងខែកញ្ញានេះហើយ អ្នកមេម៉ាយរូបស្រស់រូបនេះ នៅតែមិនអាចរកឃើញទំនាក់ទំនាក់ស្នេហាយូរអង្វែងបាន។ រយៈពេល ៦ ឆ្នាំមកនេះ ធ្វើឱ្យនាងបារម្ភថាខ្លួនអាចនឹងនៅលីវជារៀងរហូត ហើយមានអារម្មណ៍ថាសោកសៅចំពោះខ្លួនឯង។
យ៉ាងណា Nancy Wu ផ្ទាល់បានសារភាពមិនលាក់លៀមថា ទោះបីជាជួបរឿងខកចិត្តក្នុងជីវិតស្នេហាច្រើនដងពិតមែន តែនាងជឿជាក់ថានឹងមានមនុស្សពិសេសម្នាក់ចូលមកក្នុងជីវិត ដរាបណានាងនៅតែទន្ទឹងរង់ចាំជួបមនុស្សដែលនាងស្រឡាញ់ និងឆ្លងកាត់រឿងដែលពួកគេមិនទាន់បានធ្វើរួមគ្នា៕