ក្រោយរៀបការ ៤ ឆ្នាំ ឆាយ វីរៈយុទ្ធ បង្ហើបពាក្យមួយឃ្លា ហាក់ចង់សំដៅលើរឿងនេះ
បើគិតមកដល់ពេលនេះ រយៈពេលជាង ៤ ឆ្នាំ មកហើយដែល តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានបញ្ចប់ភាពនៅលីវ សម្រេចចិត្តដឹកដៃភរិយាដ៏ស្រស់ស្អាតចូលរោងការកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ ហើយមកដល់ពេលនេះលោក និង ភរិយា ទទួលបានចំណងដៃកូនស្រីមួយរូបមានអាយុជិត ២ ឆ្នាំ ហើយដែរ ។
ជាការពិត ក្រោយពីចូលរោងការ សាងគ្រួសារ មានកូនស្រីហើយក្តី តារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏នៅតែឆក់បានតំណែងជាតារាចម្រៀងប្រុសមានប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រដូចដើម ។ លើសពីនោះ មិនត្រឹមតែរូបលោកទេ គឺសូម្បីអ្នកនាង សែ ចាន់ឌី ត្រូវជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ ក៏ហាក់មានសន្ទុះគាំទ្រខ្លាំងលើការនិពន្ធចម្រៀងទៀតផង ។
ដោយឡែក បើក្រឡេកមកមើលជីវិតឯកជនរបស់លោក ឆាយ វីរៈយុទ្ធ វិញនោះ ក៏ត្រូវបានមហាជនអ្នកគាំទ្រ ជាពិសេសេហ្វេននារីៗមានចិត្តលួចច្រណែនភរិយារបស់លោកទទួលបានសុភមង្គលពេញទំហឹង ដែលមានលោក ជាស្វាមី និង លោកប៉ា ដ៏ល្អផងនោះ ។
បើទោះជាចំណងអាពាហ៍ពិពាហ៍ ៤ ឆ្នាំ លោក និង ភរិយា ទើបតែទទួលបានកូនស្រីមានអាយុជិត ២ ឆ្នាំ ក្តី ប៉ុន្តែថ្មីៗនេះលោក ឆាយ វីរយៈយុទ្ធ បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុកហាក់ឱ្យដឹងថា លោក និង ភិរយា នឹងមានគម្រោងយកកូនជាបន្តបន្ទាប់ទៀតជាមិនខាន ។
ដោយសារ អមនឹងរូបកូនស្រីសំណព្វចិត្តដែលមានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅ Atara បានសរសេរថា «កូនច្បងគ្រួសារ» ហើយឃ្លានោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបាននិយាយថា បើមានកូនច្បង ប្រាកដជាមានកូនបន្ទាប់ជាមិនខាន ៕