ដឹងតែផ្អើលហើយ សំងំៗស្រីស្រស់ Lisa ត្រៀមបញ្ចេញអាល់ប៊ុមទោលផ្ទាល់ខ្លួន
ប្រិយមិត្តអ្នកគាំទ្រវិស័យ KPOP ប្រាកដជាបានឃើញ និង ស្តាប់មកហើយ នូវការបញ្ចេញអាល់ប៊ុមទោលកន្លងមក របស់សមាជិកក្រុមចម្រៀងនារីដ៏ល្បីរបស់កូរ៉េ BLACKPINK គឺ Jennie និង Rosé ដែលសន្ទុះនៃការគាំទ្ររបស់ពួកគេម្នាក់ៗគឺមិនចាញ់គ្នាប៉ុន្មានឡើយ។
ដោយឡែក នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ខាងផលិតកម្មយក្យ YG ដែលជាទ្រនំរបស់ក្រុមចម្រៀងស្រីល្បីឈ្មោះនេះ បានទម្លាយឱ្យដឹងថា ស្រីស្រស់កូនពៅប្រចាំក្រុម Lisa គឺនឹងក្លាយជាសមាជិកទីបី ដែលនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលរបស់ខ្លួន នារដូវក្តៅខាងមុខនេះ។
ផលិតកម្មក៏បានបន្តទៀតថា Lisa កំពុងតែត្រៀមខ្លួនរួចរាល់ក្នុងការថតវីដេអូចម្រៀងសម្រាប់អាល់ប៊ុម នៅក្នុងសប្តាហ៍នេះថែមទៀតផង។
ចំណែក ក្នុងមួយអាល់ប៊ុមនេះ នឹងមាន ២ ទៅ ៣ បទ ដែលមានចង្វាក់ផ្សេងៗគ្នា ក្នុងន័យបង្ហាញឱ្យឃើញពីសមត្ថភាព ទេពកោសល្យដ៏សម្បូរបែប របស់តារាចម្រៀងលំដាប់ពិភពលោករូបនេះ។
យ៉ាងណាមិញ អ្នកគាំទ្រ ទាំងក្នុង និង ក្រៅប្រទេស ពិតជាមានការរំភើបយ៉ាងខ្លាំង នៅមិនសុខឡើយ ក្នុងការទន្ទឹងរង់ចាំការធ្វើឱ្យកក្រើកវិស័យ KPOP របស់នារីមានស្នេហ៍ Lisa តាមរយៈអាល់ប៊ុមចម្រៀងដំបូងបង្អស់របស់នាង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Koreaboo