ពីក្រោយឈុតរ៉ូបដ៏ស្រស់ស្អាតរបស់តារាស្រី ៣ រូបនេះ តាមពិតជាស្នាដៃកូនខ្មែររូបនេះសោះ (វីដេអូ)
ជាការពិតណាស់ ភាពស្រស់ស្អាត និង ការច្នៃប្រឌិតស្វែងរកភាពទាក់ទាញជាចំណុចសំខាន់មួយក្នុងការតុបតែងខ្លួនរបស់សិល្បការិនីនៅលើវិថីសិល្បៈ ។ តួយ៉ាងឈុតសម្លៀកបំពាក់បុរាណ សម័យ ឬ ឈុតសមោសរក្នុងការចូលរួមកម្មវិធី ឬ ការឡើងឆាករបស់តារាស្រីមួយចំនួន ក៏ត្រូវបានស្វែងរកចំណុចល្អឥតខ្ចោះដើម្បីជាភាពទាក់ទាញផងដែរ ។
ជាក់ស្តែង ក្រឡេកមកមើលសិល្បការិនីចំនួន ៣ រូប មានដូចជា កញ្ញា មាស សោភា កញ្ញា សុភ័ក្ត្រ កុសុម៉ា និង កញ្ញា រ៉េត ស៊ូហ្សាណា ដែលតែងបង្ហាញវត្តមានជាច្រើននោះ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមលើកឡើងថា ឈុតសម្លៀកបំពាក់ ជាពិសេសរ៉ូបរាត្រីសមោសររបស់តារាស្រីទាំង ៣ គឺពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ។ លើសពីនោះ គឺមួយឈុតៗចេញមកឌីហ្សាញមិនចាញ់បរទេសនោះឡើយ ។
ការពិត នៅពីក្រោយនៃភាពស្រស់ស្អាតរបស់តារាស្រីល្បីឈ្មោះទាំង ៣ ខាងលើនេះ គឺត្រូវបានរៀបចំគូរឌីហ្សាញដោយអ្នកច្នៃម៉ូដកូនខ្មែរ ដែលមហាជនយុវវ័យបានស្គាល់ថាជា ឌីជេ Christ Divah ដែលកំពុងល្បីឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ។
គួរឱ្យដឹងថា មិនត្រឹមតែ កញ្ញា មាស សុខសោភា កញ្ញា សុភ័ក្ត្រ កុសុម៉ា និង កញ្ញា រ៉េត ស៊ូហ្សាណា នោះទេ ដែល ឌីជេ Christ Divah បានច្នៃម៉ូដសម្លៀកបំពាក់យ៉ាងទាក់ភ្នែកនោះ គឺមានសិល្បការិនីជាច្រើនទៀតដែលអ្នកច្នៃម៉ូដរូបនេះបានរៀបចំជូន ។ បន្ថែមពីនោះ ឈុតសម្លៀកបំពាក់បែបសម័យ និង រាត្រីសមោសរជាច្រើន ឌីជេ Christ Divah ក៏បានជ្រើសរើសយកហូលផាមួងខ្មែរ យកមកច្នៃឱ្យចេញបែប Fashion ដូចបរទេសយ៉ាងស្អាតបានទៀតផង ៕
វីដេអូ និង រូបភាព៖ Florence Gold