ចូលរួមរំលែកទុក្ខ! វណ្ណដា ជួបទុក្ខធំ ព្រោះបាត់បង់លោកយាយជាទីស្រឡាញ់
តារាចម្រៀងរ៉េប លោក វណ្ណដា ដែលបច្ចុប្បន្នកាន់តែមានសន្ទុះនៃការគាំទ្រខ្លាំងឡើង ជាមួយនឹងបទចម្រៀងថ្មីៗរបស់លោក ដែលចេញមកសុទ្ធសឹងតែផ្ទុះការគាំទ្រខ្លាំង។ លើសពីនេះ មហាជន ក៏ដូចជាអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំនូវការចេញបទថ្មីរបស់លោកជាបន្តបន្ទាប់ទៀត ដែលមួយរយៈនេះ ឃើញលោក មានការបង្ហើបតម្រុយខ្លះៗលើបណ្ដាញសង្គម ដែលអាចនឹងមានបទថ្មីចែកជូនមហាជន។
ដោយឡែកស្រាប់តែថ្មីៗនេះ បានទទួលដំណឹងដ៏សែនក្រៀមក្រំមួយដែលបានកើតឡើងចំពោះ តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះ ដោយបានបាត់បង់មនុស្សជាទីស្រឡាញ់ គឺលោកយាយបង្កើតរបស់លោក បានទទួលមរណភាព។
នេះបើតាមការបង្ហោះរូបភាព និងសារលើបណ្ដាញសង្គមរបស់ តារាប្រុសរូបនេះ ដែលបានបង្ហាញប្រាប់មហាជនថាខ្លួនកំពុងតែមានទុក្ខជាទម្ងន់ ក្នុងនោះលោក បាននិយាយថា «ថ្ងៃនេះខ្ញុំ និង ក្រុមគ្រួសារ មានទុក្ខដ៏ក្រៀមក្រំបំផុត… ជូនដំណើរលោកយាយជាលើកចុងក្រោយ»។
ជាមួយគ្នានោះ លោក ក៏ទទួលបានការចូលរួមរំលែកទុក្ខ និង ចូលរួមសោកស្ដាយពីសំណាក់មិត្តក្នុងសិល្បៈ ព្រមទាំងមហាជនជាច្រើនលើបណ្ដាញសង្គម។
បន្ទាប់ពីជួបទុក្ខដ៏សែនក្រៀមក្រំនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការបញ្ជាក់ប្រាប់មហាជន តាមរយៈការខមមិនក្នុងរូបភាពរបស់ លោក ថាប្រហែលជានឹងត្រូវឃ្លាតឆ្ងាយពីមហាជនមួយរយៈ ដោយលោក បាននិយាយថា « ខ្ញុំប្រហែលជាសុំដកឃ្លាពីអ្នកទាំងអស់គ្នាព្យាបាលខ្លួនឯងមួយរយៈទៀតហើយ»៕