ព្រះម៉ែជួយមែន! ប្រកាសឆ្លងកូវីដ-១៩ បានពីរថ្ងៃ ឥឡូវ Taew ពិនិត្យសាថ្មីឃើញលទ្ធផលអត់ឆ្លងវិញ
នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ មហាជនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាស្រី Taew Natapohn ចេញមុខប្រកាសថា នាងមានវិជ្ជមានកូវីដ-១៩ ។ ក្នុងករណីឆ្លងលើកនេះ វាជារឿងដ៏តក់ស្លុតបំផុតសម្រាប់នាង ទាំងដែលនាងមិនបានដឹងពីប្រភពច្បាស់លាស់ថានាងបានឆ្លងមកពីណានោះឡើយ ។
មកដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពីបានដឹងថាខ្លួនមានវិជ្ជមានកូវីដ-១៩ ភ្លាម នាងក៏បានប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីរកកន្លែងព្យបាល តែដោយសារតែនាងមិនមានអាការណាមួយបង្ហាញចេញមកច្បាស់លាស់ថាជារោគសញ្ញាកូវីដ-១៩នោះ គ្រូពេទ្យក៏សម្រេចថាឱ្យនាងព្យាបាលនៅក្នុងផ្ទះដើម្បីតាមដានពីអាការ ។
ស្រាប់តែនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងម្តងទៀត បន្ទាប់ពីឃើញតារាស្រី Taew បានបង្ហោះនៅលើគណនី IG របស់ខ្លួនថា « បន្ទាប់ពីនាងមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់ និង មិនអាចបញ្ជាក់ប្រាប់ពីប្រភពដែលនាងបានឆ្លងច្បាស់លាស់នោះ គ្រូពេទ្យក៏បានធ្វើតេស្តរកកូវីដ-១៩ ទៅលើខ្លួននាងចំនួន ២ ដងទៀត ដើម្បីឱ្យដឹងច្បាស់ថានាងពិតជាមានវិជ្ជមានកូវីដ-១៩ ឬក៏អត់ ? តែលទ្ធផលតេស្តទាំង ២ លើកចេញមកយ៉ាងច្បាស់ថាគឺអវិជ្ជមាន » ។
យ៉ាងណាមិញ នាងក៏បានបញ្ជាក់បន្ថែមដែរថា បើទោះបីជាលទ្ធផលតេស្ត ២ ដងនេះមិនមានវិជ្ជមានកូវីដ-១៩ ក៏ដោយ តែនាងនៅតែបន្តតាមដានអាការ និង ធ្វើចត្តាឡីស័កខ្លួនឯងបន្ថែមទៀតនៅផ្ទះ ៕