Minhyuk សមាជិក BTOB តេស្តឃើញវិជ្ជមានកូវីដ-១៩ អំឡុងពេលធ្វើចត្តាឡីស័ក
នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២១នេះ តារាចម្រៀង Minhyuk សមាជិកក្រុម BTOB បានប្រកាសលទ្ធផលធ្វើតេស្តកូវីដ-១៩ រកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩។
នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ Cube Entertainment បានឱ្យដឹងថា តារាចម្រៀង Minhyuk សមាជិកក្រុម BTOB ត្រូវបានគេបញ្ជាក់ថាបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ ។
ដោយបានបញ្ជាក់ថា ដំបូងឡើយ តារាប្រុសរូបនេះ បានធ្វើតេស្តអវិជ្ជមានចំនួន ២លើក រួចហើយ។ ប៉ុន្តែទោះជាយ៉ាងណា លោកនៅតែបន្តសម្រាកធ្វើចត្តាឡីស័កដោយខ្លួនឯងបន្តទៀត រហូតដល់ថ្ងៃទី ១៦ ខែកក្កដា លោក បានចេញរោគសញ្ញា ដូចជា ក្អក និង គ្រុនក្តៅ ហើយបានធ្វើតេស្តបញ្ជាក់ម្ដងទៀត លទ្ធផលរកឃើញមានវិជ្ជមានកូវីដ-១៩។
នៅក្នុងនោះ ខាងក្រុមហ៊ុនចាត់ទូទៅរបស់សមជិកក្រុម BTOB រូបនេះ ក៏បានឆ្លើយតប និង សុំអភ័យទោសដល់ក្រុមអ្នកគាំទ្រ ដែលមានការព្រួយបារម្ភចំពោះសុខភាពរបស់ Minhyuk ។ ខាងក្រុមហ៊ុន និង ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាពីសុខភាពរបស់តារាក្រោមការគ្រប់គ្រងរបស់ខ្លួន ឱ្យឆាប់ជាសះស្បើយពីជំងឺដ៏សាហាវនេះ៕
ប្រភព៖ Allkpop